ជួយលើកំពស់វិស័យកសិកម្មកម្ពុជា ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការរកឯកសារ និងបទពិសោធន៍ផ្សេងៗ ដែលជាកត្តាជំរុញឲ្យវិស័យកសិកម្មនៅកម្ពុជាកាន់តែមានភាពរីកចំរើន។
Friday, February 17, 2017
ធ្វើដូចម្តេចដើម្បីបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូង?
ដើម្បីទទួលបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូង មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឈន៍ កសិកម្មកម្ពុជា (សេដាក) សូមណែនាំអោយ កសិករសាកល្បងអនុវត្តតាម បច្ចេកទេសទាំង ៩ ដូចខាងក្រោមៈ
១. រើសយកតែគ្រាប់ពេញសុទ្ឋល្អទៅសាបដោយរើសចេញនូវគ្រាប់ដែលមានពណ៌ និងរាងខុសធម្មតាចោល ។ កសិករអាចត្រូវចំណាយពេលច្រើនបន្តិចមែន តែការប្រើពូជសុទ្ឋល្អ នាំអោយកសិករទទួលបានផលច្រើន ហើយលក់ស្រូវបានថ្លៃទៀតផង ។
២. យកគ្រាប់ដែលរើសហើយ ទៅត្រាំជាមួយទឹកមានជាតិស្តៅ (ទឹកដែលត្រាំជាមួយគ្រាប់សំបកឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញ ពីសត្វល្អិតផ្សេងៗ ។
៣. រៀបចំថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីជៀសវាងកុំអោយសំណាបលិចទឹក ដែលនាំឱ្យវាលូតរាងវែង (លូតតែកំពស់តែមិនសូវរីកទទឹង) ។
៤. ប្រើជីកំប៉ុស ឬដីមមោកព្រៃ (ដីស្រទាប់លើនៅក្នុងព្រៃ) ឬគុម្ពោតព្រៃឱ្យបានច្រើន ។ ជីកំប៉ុសនាំឱ្យដីផុសហើយសើមបានល្អដែលជាអំណោយផល ដល់ការលូតលាស់ របស់សំណាប ។
៥. សាបស្តើងជាងធម្មតាដើម្បីឱ្យដើមសំណាបនិមួយៗដុះរីកមាឌទទឹងបានល្អ (សំណាបថ្លោស) ។
៦. ក្រោយពេលសាបហើយគ្របដីដោយប្រើស្លឹកឈើ (ប្រើទាំងស្លឹកទាំងមែក) ហើយដកស្លឹកឈើចេញពេលសំណាបចាប់ផ្តើមដុះ ។ ៧. ដកសំណាបនៅកន្លែងដែលចង្អៀតពេកចេញខ្លះ ។
៨. ស្រោចទឹកបន្ថែមប្រៀបដូចស្រោចកូនស្ពៃក្នុងករណីអត់មានភ្លៀង ។ គេគួរលាយទឹកជាមួយទឹកនោមគោក្នុងបរិមាណ១ចែក១០ (ទឹកនោមដែលទុកឱ្យកាច់ បានជាង៧ថ្ងៃ) ដើម្បីជំរុញការលូតលាស់បន្ថែម ។
៩. នៅពេលដកសំណាបទៅស្ទូង ដកតែដើមសំណាបថ្លោសជាងគេ ទៅស្ទូងបានហើយ ។
លោកបណ្ឌិតយ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៏បញ្ជាក់បន្ថែមថា ក្នុងចំណោមបច្ចេកទេសទាំង ៩ ខាងលើនេះកសិករអាចជ្រើសរើស មួយណាមកអនុវត្តក៏បានដែរ តែការផ្តុំចូលគ្នាបានច្រើនចំណុច នាំមកនូវផលល្អជាងការអនុវត្តបានតិចចំណុច ។
លោកបន្តថា ទោះក្នុងករណីយ៉ាងណាក៏ដោយកសិករគួរអនុវត្តអោយបាននូវចំណុចទី១ និងទី៩គឺរើសីសតែ គ្រាប់ល្អៗទៅសាប និងសំណាបថ្លោសទៅស្ទូង ដែលអាចទទួលបានផលល្អ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment