Wednesday, March 15, 2017

បទពិសោធន៍​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម​ តាម​គោលការណ៍​ធម្មជាតិ (​ប​.​វ​.​ស​)



​លោក ​អ៊ំ កុល ធី អាយុ ៦៤ ឆ្នាំ ជា​កសិករ​សហការ​ជាមួយ​អង្គការ សេ​ដាក ចាប់តាំងពី​ឆ្នាំ​២០០៥ មក។ គាត់​រស់នៅ​ភូមិ​ត្រ​ពាំ​ធំ ឃុំ​ត្រ​ពាំ​សង្កែ ស្រុក​កំពត ខេត្ត​កំពត ។ គាត់​បាន​អនុវត្តន៍ ប​.​វ​.​ស តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។ ក្នុងឆ្នាំ២០០៧ គាត់បានអនុវត្តលើ​ផ្ទៃដី ២៦ អារ បាន​ទទួល​ផល ១៧៦៨ គីឡូក្រាម ដែ​ល​ខុស​ពី​ការ​ធ្វើ​តាម​ទំលាប់​បានទទួល​តែ ៦៥០ គីឡូក្រាម​ប៉ុណ្ណោះ ។
​​ ​ទាក់ទង​ទៅ​ការកើនឡើង​នៃ​ទិន្នផល​នេះ លោកពូ​បាន​អនុវត្តនូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​:

  •  រៀបចំ​ថ្នាល​សាប​ធ្វើ​ដូចជា រង​ស្ពៃ ដែល​មាន​ទទឹង ៥ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ និង​មានប្រើ​ជីកំប៉ុស្តិ ព្រាច​នៅលើ​រង​ផង
  • សំអាត​គ្រាប់ពូជ ដោយ​ត្រាំ​ទឹក​បណ្តែត​យក​គ្រាប់​ស្ពៀត​ចេញ បន្ទាប់​មក​ត្រាំ​ជាមួយ​ទឹក​ស្លឹក​ស្តៅ និង​បណ្តូល​ពេជ្រ ដើម្បី​សម្លាប់​មេរោគ ១ យប់ និង ផ្អាប់ ២ យប់ ទើប​យក​ទៅ​សាប
  •  រៀបចំ​ស្រែ ដោយ​ភ្ជួរ​ដី កៀរ​ឲ្យ​ស្មើ​ល្អ និង​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត ​
  • ដកសំណាប​ខ្ចី​អាយុ ១៨-២០ ថ្ងៃ ទៅ​ស្ទូង ដោយ​រើស​យក​តែ​សំណាបណាដែល​ថ្លោស​ល្អ​
  • ទាញ​ខ្សែ​ស្ទូង​ត្រង់​ជួរ​ដែល​មាន​ចន្លោះ​គុម្ព ៣ តឹក (​ការ​ស្ទូង​ត្រង់​ជួរ​ងាយស្រួល​ដល់​ក្នុងការ​ធ្វើ​ស្មៅ និង​ឲ្យ​ស្រូវ​ទទួលបាន​ពន្លឺ​គ្រប់គ្រាន់​)
  • ស្ទូង​សំណាប ១-២ ដើម ក្នុង​មួយ​គុម្ព​
  • ដកសំណាប​ភ្លាម​ស្ទូង​ភ្លាម​ដោយ​មិន​ផ្អាប់​ទុក​យូរ​ទេ​
  • ក្រោយ​ពី​ស្ទូង ហើយ​គាត់​ឧស្សាហ៍ មើលថែទាំ​ដូចជា ដក​ស្មៅ បំផុសដី​ដើម្បី​ឲ្យ​ដី​ធូរ​មាន​ខ្យល់​ចេញចូល​គាត់​រក្សា​ទឹក​ទុក​តិចៗ នៅពេល​ដែល​ស្រូវ​កំពុង​លូតលាស់​
  • បាច​ជីកំប៉ុស្ត​បំប៉​នបន្ថែម​នៅ​ពេល​ស្រូវ​កំពុង​លូតលាស់ និង​បែក​គុម្ព ។​

ក្រោយពី​បាន​អនុវត្តន៍​តាម​ចំណុច​ខាងលើ​នេះ​ហើយ លោកពូ​មាន​ចំណាប់​អារម្មណ៍​ថា ទិន្នផល​ស្រូវ​បាន​កើនឡើង ព្រោះ​គាត់​បាន​កែលំអ​តាម​គោលការណ៍​ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ ប៉ុន្តែ​មិន​បាន​គ្រប់​ចំណុច​ទេ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ទិន្នផល​របស់គាត់​កើនឡើង​ទ្វេ​មួយ​ជា​ពីរ​ដែរ ។ លោកពូ​បន្ថែមទៀតថា គោលការណ៍ ប​.​វ​.​ស នេះ​មាន​លក្ខណៈសាមញ្ញ គាត់​អាច​ធ្វើបាន​ដោយ​មិន​ត្រូវការ​ថវិកា​ច្រើន​ឡើយ ។ ប្រសិនបើ​កសិករ​គ្រប់គ្នា​បាន​អនុវត្តន៍​បច្ចេកទេស​នេះ ពិតជា​ជួយ​លើក​កំពស់​ជីវភាព​គ្រួសារ​បាន​មួយកំរិត ។ ទៅ​ថ្ងៃមុខ គាត់​នឹង​ខិតខំ​អនុវត្ត​បច្ចេកទេស នេះ​ឲ្យបាន​គ្រប់​ចំណុច ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​នេះ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment