Thursday, March 2, 2017

បទពិសោធន៍​កំចាត់​ដង្កូវ​ស៊ី​ស្លឹក និង​ដង្កូវ​ស៊ី​រូង​ដើម​



​នៅ​ដើម​រដូវវស្សា​ឆ្នាំ ២០០២ នេះ នៅ​ស្រុក​កំពង់​ត្របែក ស្ថិតក្នុង​ឃុំ​គោក​ខ្ចក និង​ឃុំ​កន្សោម​អក​កសិករ​កំពុង​ជួបប្រទះ​​បញ្ហា​ដង្កូវ​ស៊ី​ស្លឹក និង​ដង្កូវ​ស៊ី​រូង​ដើម លើ​ពូជស្រូវ​ក្រសាំង​ទាប និង​អ៊ី​អ៊ែរ​យ៉ាងធ្ងន់ធ្ងរ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​មីង ទូច ហ៊ីម ​ដែល​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ គាត់​បាន​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​កំចាត់​សត្វ​ដង្កូវ ដែល​ដូនតា​ចាស់ៗ របស់​គាត់​ជំនាន់​មុន​តែងតែ​អនុវត្ត ​ហើយ​ទទួលបាន​ជោគជ័យ ។
​ចំណែក​វិធី​ផ្សំ និង​របៀប​ប្រើ បង្ហាញជូន​ដូចខាងក្រោម :
១. ធាតុ​ផ្សំ : ទំពាំង (​ឫស្សី​) ម្សៅ​សាប៊ូ និង​ទឹក​
២. វិធី​ផ្សំ : យក​ទំពាំង​ចំនួន ១ គីឡូ​កន្លះ សាប់​តូចៗ បន្ទាប់មក​យក​ទៅ​ត្រាំ​ទឹក​ក្នុង​កូន​ពាង​ដែល​មាន​ទឹក​ចំណុះ ១០ លីត្រ រួច​ត្រាំ​ទុក​​ចំនួន ២ យប់ ។ ទឹក​ទំពាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​នៅពេល​យើង​ត្រាំ​វា​រយៈពេល ២ យប់ បើ​ត្រាំ​លើសពី ២ យប់ ទំពាំង​សាប​លែង​​សូវ​មាន​ប្រសិទ្ធភាព ។​
៣. វិធី​ប្រើ : យក​ទឹក​ទំពាំង​ដែល​បាន​ត្រាំ​ហើយ​ចំនួន ១ លីត្រ លាយ​សាប៊ូម្សៅ ៣ ទៅ​៤ ក្តាប់ កូរ​ឲ្យ​ស​ព្វរួច​លាយ​ជាមួយ​ទឹក​ធម្មតា​​ចំនួន ៨ លីត្រ​ទៀត ។ បន្ទាប់មក យក​ទៅ​បាញ់​លើ​ស្រូវ​ដែល​កំពុង​ទទួល​រង​ការបំផ្លាញ (​បាញ់​នៅ​ពេល​ព្រឹក​ព្រលឹម​) ។ ក្រោយ​ពី​ការ​​បាញ់​ហើយ គាត់​បាន​សង្កេតឃើញថា ដង្កូវ​ខ្លះ​ងាប់ ហើយ​ខ្លះ​ទៀត​ពុល​សន្លប់​មិន​អាច​ធ្វើ​សកម្មភាព​បាន ។ ការបាញ់​ប្រព្រឹត្តទៅ ២ ឬ​៣ ដង ទើប​អស់​ដង្កូវ ។​
​ក្នុង​ការប្រើ​ថ្នាំ​នេះ អ្នក​មីង​បាន​ផ្តែផ្តាំ​ថា នៅពេល​កំពុង​ប្រើ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឲ្យ​សត្វស្រុក ដូចជា មាន់ ទា ជ្រូក ចុះ​ផឹក​​ទឹក​ក្នុង​ស្រែ​ឲ្យសោះ ព្រោះ​អាច​បណ្តាល​ឲ្យ​សត្វ​ទាំងនោះ​ងាប់​ភ្លាមៗ បាន ។​​ ​ដូច្នេះ​សូម​បងប្អូន​កសិករ​សា​ក​ល្បង​នូវ​បទពិសោធន៍​ខាង​លើ ហើយ​នៅពេល​ប្រើ​ថ្នាំ​ត្រូវ​ប្រុងប្រយ័ត្ន ដូច​ពាក្យ​ផ្តែផ្តាំ​របស់​​អ្នក​មីង​ទូច ហ៊ីម ខាងលើ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment