Thursday, March 2, 2017

អំបូរ​កណ្តុរ​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា



១- កម្រិត​នៃ​ការបំផ្លាញ​របស់​សត្វ​កណ្តុរ​ស្រែ​
កណ្តុរ​គឺជា​សត្វ​ចង្រៃ​ដ៏​ចម្បង​បំផុត​លើ​ដំណាំ​កសិកម្ម​ក្នុង​តំបន់​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​យើង ។ ការបំផ្លាញ​របស់​វា​ធ្វើឲ្យ​មាន​ការបាត់បង់​ទិន្នផល​គួរឲ្យសត់សម្គាល់​នៅមុ​ន​ពេល​ប្រមូល​ផល​ស្រូវ ។ តាម​ការពិសោធន៍​ស្រាវជ្រាវ បាន​បង្ហាញឲ្យឃើញថា ការបាត់បង់​ទិន្នផល​ស្រូវ​ទាំង​មុន​ពេល​ប្រមូល​ផល និង​ក្រោយពេល​ប្រមូល​ផល​ដោយសារ​សត្វ​កណ្តុរ មាន​ជា​មធ្យម​ពី ៥ - ១៥ ភាគរយ និង​ស្ទើរ​ទាំងស្រុង​នៅ​ឆ្នាំ​ខ្លះ (​ឆ្នាំ​កើត​មាន​កណ្តុរ​ច្រើន​) ។ កម្រិត​នៃ​ការបំផ្លាញ​របស់​កណ្តុរ​អាស្រ័យ​ទៅលើ​បរិមាណ​នៃ​ជម្រក​សមស្រប​របស់​ពួកវា ដែល​ស្ថិតនៅ​ជុំវិញ​ស្រែ ។ ដោយហេតុនេះ​ហើយ កម្រិត​នៃ​ការបំផ្លាញ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​នៅ​តាម​ភូមិ មិន​មាន​លក្ខណៈ​ដូច​គ្នា​ឡើយ ហើយ​ការបំផ្លាញ​នេះ ច្រើន​ប្រមូលផ្តុំ​នៅតាម​ព្រៃ​ភូមិ​ដែល​មាន​ប្រឡាយ​ដុះ​ដោយ​ស្មៅ ស្រះ​ធំៗ និង​បឹង ។​

២- លទ្ធភាព​បន្ត​ពូជ​
សត្វ​កណ្តុរ​អាច​បន្ត​ពូជ​យ៉ាង​លឿន​នៅពេល​មាន​លក្ខខណ្ឌ​សមប្រកប ។ ដោយ​ផ្អែក​ទៅ​តាម​លក្ខខណ្ឌ​ចំណីអាហារ​គ្រប់គ្រាន់ កណ្តុរ​ញី​មួយ​ក្បាល​អាច​មាន​កូន​បី​ដង​ក្នុង​មួយ​រដូវ ហើយ​ដែល​ចំនួន​កូន​ក្នុង​មួយ​ដង​គឺ​ពី ៦ ទៅ ៨ ក្បាល ដូចនេះ​កណ្តុរ​មេបា​មួយគូ​អាចបង្កើត​កូនចៅ​បាន​រហូត​ដល់​ជាង ៥០០ ក្បាល​ក្នុង​មួយឆ្នាំ ។​

៣-​អំបូរ​កណ្តុរស្រែ​
​ឆ្លង​តាម​ទិន្នន័យ​នៃ​ការពិសោធន៍​ស្រាវជ្រាវ​ចំនួន​ប្រាំពីរ​រាជធានី ខេត្ត ក្រុង ដែល​រួមមាន​រាជធានី​ភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង តាកែវ សៀមរាប និង​បន្ទាយមានជ័យ បាន​រកឃើញ​អំបូរ​កណ្តុរ​ចម្បងៗ ដែល​បំផ្លាញ​ស្រូវ​ក្នុងប្រទេស​កម្ពុជា​មាន ៩ អំបូរ​គឺ​:
 
១- អំបូរ​កណ្តុ​របាយ ឬ​កណ្តុរ​ប្រផេះ (Rattus argentiventer) ៖ មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ប្រមាណ ២០៤ មីល្លីម៉ែត ដោយ​មាន​រោម​ក្រហម​ត្នោត ។ រោម​ពោះ​ពណ៌​ទឹកប្រាក់ និង​មាន​ឆ្នូត​ខ្មៅ​នៅ​លើ​ជើង​ក្រោយ ។ ពួក​វា​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​តំបន់​ដាំ​ដុះ​ស្រូវ​ទំនាប​ក្នុង​ភាគ​ខាងលិច និង​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ។ កណ្តុរ​អំបូរ​នេះ រស់នៅ​ដោយ​ស៊ី​ស្រូវ ជា​ពិសេស​ពេល​ស្រូវ​នៅ​ដំណាក់កាល​ផើម​ដល់​ដំណាក់កាល​ស្រូវ​ទុំ ។ វា​គឺជា​ប្រភេទ​សត្វ​ចង្រៃ​មួយ​ក្នុងចំណោម​សត្វ​ចង្រៃ​ផ្សេងៗ ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​កម្ពុជា ។​
 
២- អំបូរ​កណ្តុរ​បាយ​តូច (Rattus losea) ៖ មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ដូចគ្នា​ទៅ​នឹង​អំបូរ​កណ្តុរ​បាយ​ដែរ និង​មាន​រោម​ពណ៌​ក្រហម រោម​ពោះ​ពណ៌​ប្រផេះ និង​កន្ទុយ​ពណ៌​ខ្មៅ ។ ពួក​វា​ត្រូវ​បាន​គេ​ប្រទះឃើញ​មាន​នៅ​តំបន់​ដៅ​ដុះ​ស្រូវ​ទំនាប​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​គេ​ប្រទះឃើញ​នៅ​កន្លែង​ដែល​មិន​មែ​ម​មាន​ស្រូវ​តែមួយ​មុខ​នោះទេ ឧទាហរណ៍​ដូចជា​កន្លែង​តំបន់​ដី​ខ្ពស់​កម្ពោត​ព្រៃ ឬ​កន្លែង​ដែល​មាន​ដើមឈើ​ជុំវិញ​ភូមិ ។ សត្វ​កណ្តុរ​អំបូរ​នេះ​មាន​ឃើញ​នៅ​តំបន់​ដីសណ្តរ​នៅ​ខេត្តតាកែវ ដែល​មាន​តែ​ស្រូវ ។ ពួក​វា​រស់នៅ​ភាគច្រើន​នៅក្នុង​រូងដី ។ សត្វ​កណ្តុរ​ទាំងនេះ​រស់នៅ​ដោយ​ស៊ី​ស្រូវ និង​គ្រាប់ពូជ​ផ្សេងទៀត ហើយ​ក៏​អាស៊ី​សត្វល្អិត​ផល​ដែរ ។
 
៣- អំបូរ​កណ្តុរ​ត្នោត (Rattus rattus) ៖ ជា​សត្វ​កណ្តុរ​ដែលមាន​ប្រវែង​ក្បាល និង​ដងខ្លួន​ដូចគ្នា​ទៅ​នឹង​អំបូរ​កណ្តុរ​បាយ​តូច និង​មាន​ពណ៌​ត្នោត​ទៅ​ក្រហម​ត្នោត ប៉ុន្តែ​ពណ៌​របស់​ពួក​វា​អាច​ខុសគ្នា ។ សត្វ​កណ្តុរ​ខ្លះ​មាន​ពណ៌​ស និង​ខ្លះទៀត​មាន​ពណ៌​ប្រផេះ កណ្តុរ​ត្នោត​អំបូរ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ជម្រក​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដូចជា​នៅ​តាម​វាលស្រែ ដំណាំ​តាម​ភូមិ ផ្ទះ និង​តាម​ព្រៃ ។ វា​អាច​ចល័ត​បាន​ទៅគ្រប់​ទីកន្លែង ព្រោះ​វា​អាច​ឡើង​ចុះ ទៅ​មក​បាន​ល្អ និង​អាច​រស់នៅ​តាម​ដំបូលផ្ទះ ឬក៏​ដើមឈើ ហើយ​អាច​រស់នៅ​ក្នុង​រូងដី​បានដែរ ។ ពួក​វា​រស់នៅ​ដោយ​ស៊ី​ស្រូវ (​រួម​ទាំង​សំណាប​) ដំណាំ​ដ៏ទៃទៀត គ្រាប់​ធញ្ញជាតិ​ដែល​គេ​ស្តុក​ទុក សត្វល្អិត និង​ពង​សត្វ ៘​
 
៤- អំបូរ​កណ្តុរ​អង្កាម​ផ្ទះ (Rattus exulans) ៖ វា​មាន​ក្បាល និង​ដងខ្លួន​ប្រវែង​ខ្លី​ជាង ១២០ មីល្លីម៉ែត្រ ហើយ​មាន​រោម​ពណ៌​ត្នោត​លាត ដោយ​មាន​កន្ទុយ​វែង និង​ជើង​តូច ។ គេ​ឃើញ​មាន​នៅ​តែ​តាម​ទីក្រុង និង​នៅតាម​ភូមិ​ក្នុង​តំបន់​មួយចំនួន​តែប៉ុណ្ណោះ ។ ពេល​ខ្លះ​វា​ក៏​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ស្រែ​ផងដែរ ។ ពួក​វា​រស់នៅ​ក្នុង​ផ្ទះ និង​ដំបូលផ្ទះ​ដែល​ជា​កន្លែង​អាចធ្វើ​សម្បុក​តូចៗ បាន​ដោយ​មិន​បាច់​មាន​ចំបើង និង​កម្ទេចកំទី​ដ៏​ទៃ​ទៀត​ឡើយ ហើយ​ស៊ី​ស្រូវ​ក្នុង​ជង្រុក និង​កាក​សំណល់​ចំណី​អាហារ​តាម​ផ្ទះ ។
 
៥- អំបូរ​កណ្តុរប្រែង​ប្រផេះ (Rattus novergicus) ៖ ជា​អំបូរ​កណ្តុរ​ធំ មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ប្រហែល ២៥០ មីល្លីមែត្រ មាន​ពណ៌​ប្រផេះ និង​ជើង​ពណ៌​ស​ធំ ។ កណ្តុរ​អំបូរ​នេះ ជាទូទៅ​គេ​ច្រើ​សង្កេតឃើញ​មាន​ស្នាម​នៅលើ​ខ្លួន​វា ឬ​ដាច់​រលាត់​រេច​រោម​ដោយសារ​ពេល​រស់នៅ​ជាមួយគ្នា ពួក​វា​តែង​ខាំ​គ្នា​ជា​ញឹកញាប់ ។ នៅក្នុង​ប្រទេស​កម្ពុជា គេ​សង្កេតឃើញ​នៅតាម​ទីក្រុង​ធំៗ ។ ពួក​វា​បង្ក​បញ្ហា​ខ្លាំងក្លា​ជាង​គេ​នៅ​តាម​ភោជនីយដ្ឋាន​នៅ​ក្រុងភ្នំពេញ ។ ពួក​វា​ក៏​ប្រទះ​ឃើញ​ផល​ដែរ នៅតាម​ឃ្លាំង​ធំៗ ។ ជួនកាល​គេ​ប្រទះឃើញ​នៅ​តាម​វាលស្រែ ជា​កន្លែង​ដែល​រស់នៅ​ជា​ក្រុម​ធំៗ នៅ​ជុំវិញ​អណ្តូង ឬ​ភ្លឺស្រែ​ធំៗ ។ ក្នុង​រូង​ធំ​ជាមួយ​សត្វ​កណ្តុរ​ផ្សេងៗ​ទៀត ។ សត្វ​កណ្តុរ​អំបូរ​នេះ​ស៊ី​ចំណី​ស្ទើរ​គ្រប់​ប្រភេទ ដែល​វា​ប្រទះឃើញ ។​
 
៦- អំបូរ​កណ្តុរប្រែង​ធំ (Bandicota indica) ៖ ជា​អំបូរ​សត្វ​កណ្តុរ​ដែល​ធំជាងគេ ប្រវែង​ក្បាល និង​ដងខ្លួន​អាច​មាន​ប្រវែង​ប្រមាណ ២៩០ មីល្លីម៉ែត្រ រោម​មាន​ពណ៌​ប្រផេះ​ទៅ​ពណ៌​ខ្មៅ រោមជើង​ធំៗ និង​មាន​រោម​វែងៗ ពណ៌​ខ្មៅ​នៅ​លើ​ខ្នង ។ អំបូរ​កណ្តុរប្រែង​ធំ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​គ្រប់​ប្រព័ន្ធ​ក្រេត្សបរិស្ថាន​ដៅដុះ​ដំណាំ​ស្រូវ​ក្នុងប្រទេស​កម្ពុជា ។ ពួក​វា​រស់នៅ​ក្នុង​រូង​ធំៗ ក្រោម​ដី និង​ស៊ី​ស្រូវ​គ្រប់​ដំណាក់កាល​ទាំងអស់ ។ ពួក​វា​បន្សល់ទុក​នូវ​សញ្ញា​ឲ្យឃើញ​នៅក្នុងវាល​ស្រែ​ដែល​ពួក​វា​ស៊ី​បំផ្ល​:​ញ ។ ចំណី​របស់​វា​មានដូចជា​ក្តាម ខ្យង និង​គ្រាប់​ធញ្ញជាតិ​ដ៏ទៃទៀត ដែល​គេ​ប្រទះឃើញ​នៅ​ក្នុង​ស្រែ ។​
 
៧- អំបូរ​កណ្តុរប្រែង​ខ្មៅ (Bandicota savilei) ៖ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​អំបូរ​កណ្តុរប្រែង​ធំ តែ​ខុសគ្នា​ត្រង់​មាន​ទំហំ​តូច​ជាង មាន​រោម​ប្រផេះ​ជាង​បន្តិច មាន​ជើង​តូច​ជាង និង​គ្មាន​រោម​ពណ៌​ខ្មៅ​នៅ​លើ​ខ្នង​ទេ ។ ពួក​វា​មាន​រាយប៉ាយ​ក្នុង​ប្រទេស​កម្ពុ​ជៈ និង​ស៊ី​ចំណី​ដូច​កណ្តុរប្រែង​ធំ​ដែរ ។​
 
៨- អំបូរ​កណ្តុរស្រែ​អង្កាម (Mus caroli) ៖ មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ប្រមាណ ៧៨ មីល្លីម៉ែត្រ រោម​ពណ៌​ប្រផេះ និង​មាន​ជើង​តូចៗ ។ គេ​ប្រទះឃើញ​ពួក​វា​រស់នៅ​ក្នុង​រូង​តូចៗ ឬ​នៅក្នុង​រូង​សត្វ​កណ្តុរ​ផ្សេងៗ​ទៀត ឬ​កាច់​សម្បុក​ក្នុង​ចំបើង ដែល​គេ​បាន​បន្សល់​ទុក​ក្នុង​ស្រែ ។ វា​ឡើង​ដើមស្រូវ កាត់​កួរស្រូវ​ស៊ី​បំផ្លាញ​ពេល​ស្រូវ​ទុំ និង​គួរ​ស្រូវ​ដែល​នៅសល់​ក្នុង​ស្រែ ។​
 
៩- អំបូរ​កណ្តុរស្រែ​អង្កាម​តូច (Mus cervicolor) ៖ វា​បំផ្លាញ​ដំណាំ​ស្រូវ​មាន​លក្ខណៈ​ដូច​អំបូរ​កណ្តុរស្រែ​អង្កាម​ដែរ ប៉ុន្តែ​ទំហំ​របស់​វា​តូច​ជាង​បន្តិច និង​មាន​កន្ទុយ​ខ្លី​ជាង​ប្រវែង​ក្បាល និង​ដងខ្លួន។​

No comments:

Post a Comment