Wednesday, March 15, 2017

បទពិសោធន៍​ដាំ​ដំណាំ​ត្រប់វែង​ឲ្យបាន​ផ្លែ​ច្រើន​



លោកពូ ប៉ាង រ៉​ន ជា​កសិករ​សហការ​ជាមួយ​អង្គការ សេ​ដាក តាំងពី​ឆ្នាំ ២០០៦ រស់នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​កំពត ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ដាំ​ដំណាំ​ត្រប់​អស់​រយៈពេល ៥ ឆ្នាំ មកហើយ ។ នៅលើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ គាត់​បេះ​បាន​ផ្លែ ២០-៣០ គីឡូក្រាម ជា​រៀងរាល់ថ្ងៃ ។ ក្នុង​ការដាំ​រយៈពេល ៣ ខែ​កន្លះ គាត់​ទទួលបាន​ចំណូល ១ ២០០ ០០០ រៀល ដោយ​គ្រាន់តែ​ចំណាយ​បន្តិចបន្តួច ទៅ​លើ​ការបូមទឹក​ស្រោច​ប៉ុណ្ណោះ ។​

1. ​ការរៀបចំ​ដី​សម្រាប់​ដាំ
​ផ្ទៃ​ដី​ដាំ​ត្រប់វែង​របស់​គាត់​មាន​ទំហំ ៤០០ ម៉ែត្រការ៉េ (​ទ​ទឹក ៥ ម៉ែត្រ និង​បណ្តោយ ៨០ ម៉ែត្រ​) ។ គាត់​បាន​ភ្ជួរ​រាស់​ដី​រយៈពេល ២-៣ សា ធ្វើយ៉ាងណា​ឲ្យ​ដី​ម៉ដ្ឋ និង​អស់​ស្មៅ បន្ទាប់មក​គាត់​បាន​កាប់​រណ្តៅ​សម្រាប់​ដាំ​ត្រប់ ​ដែល​មាន​គំលាត​ពី​គុម្ព​មួយ​ទៅ​មួយ ៥ តឹក ។ នៅក្នុង​រណ្តៅ​និមួយៗ គាត់​បាន​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត​រណ្តៅ រួច​ស្រោច​ទឹក​រណ្តៅ​នោះ​ឲ្យ​សើម​ល្មម ទើប​ដក​កូន​ត្រប់​ពី​ថ្នាល​សាប​មក​ដាំ ។ កូន​ត្រប់​ដែល​គាត់​បាន​ដក​មក​ដាំ​មាន​កំពស់ ១ តឹក ។ ការដាំ​ជ្រើសរើស​តែ​កូន​ត្រប់​ដែល​ថ្លោស និង​មាន​សុខភាព​ល្អ ។

2. ​ការថែទាំ​
​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ១ អាទិត្យ គាត់​បាន​ចាប់ផ្តើម​ជ្រុំជើង និង​ស្រោច​ជី​ទឹក (​ទឹក​ជី​ផ្សំ​ពី​ទឹកនោមគោ​មនុស្ស និង​កូន​ត្រី​ដែល​គាត់​ត្រាំ​ទុក​) គាត់​ស្រោច​រយៈពេល ១ អាទិត្យ​ម្តង ដើម្បី​ជួយ​ឲ្យ​កូន​ត្រប់​លូតលាស់​លឿន ។ ក្រោយ​ពេល​ដាំ​បាន ២ អាទិត្យ គាត់​ចាប់ផ្តើម​ដាក់​ជីលា​មក​គោ និង​ជី​លាមក​ជ្រូក​ពុកផុយ (​ដាក់​នៅ​ចន្លោះ​ជួរ​) កប់​បញ្ចូល​ទៅក្នុង​ដី ។ ជី​ទឹក​គាត់​បន្ត​ស្រោច​រហូតដល់​ពេល​ប្រមូល​ផល ។​
​នៅ​ពេល​ត្រប់ចាប់ផ្តើម​ក្តឹប គាត់​កាត់​ស្លឹក​ត្រប់​ចាស់ៗ​ចោល​ ដើម្បី​ឲ្យ​ជីជាតិ​ស្រូប​មក​នៅ​លើ​ផ្លែ ។ ហើយ​ម្យ៉ាងវិញទៀត បើ​យើង​ទុក​ស្លឹក​ច្រើន​ធ្វើឲ្យ​ពន្លឺ​ចូល​មិន​គ្រប់គ្រាន់ ការលូតលាស់​របស់​ត្រប់​ចុះខ្សោយ ។​

3.​ ការប្រមូលផ​ល
​ក្រោយ​ពី​ដាំ​បាន​រយៈពេល ១ ខែ​កន្លះ ត្រប់​អាច​ប្រមូល​ផល​បាន ។ ការប្រមូល​ផល​គឺ​គាត់​បេះ​រាល់ថ្ងៃ​ដោយ​ក្នុង​មួយ ថ្ងៃ បេះ​បាន​ផ្លែ​ត្រប់​ចំនួន​ពី ២០-៣០ គីឡូក្រាម ។ ផ្លែ​ត្រប់ ១ គីឡូក្រាម លក់ បាន​តំលៃ​ពី ៧០០ ទៅ ១០០០ រៀល ។ ក្នុង​មួយ ថ្ងៃ គាត់​លក់​បាន​ប្រាក់​ពី ១៥០០០ រៀល ទៅ ៣០០០០ រៀល ។ ផ្លែ​ត្រប់​អាច​បេះបន្ត​ពូជ​រហូតដល់ រយៈពេល ២ ខែ ទើប​អស់​ផ្លែ ។ សរុប​មក​ក្នុង មួយ​វដ្ត​ជីវិត​របស់​ត្រប់វែង (​រយៈពេល ៣,៥ ខែ​) គាត់​លក់​បាន​ចំនួន ១ ២០០ ០០០ រៀល ។​
ដូចនេះ ក្នុង​មួយ​រដូវ​ដាំ​ដុះ​រយៈពេល ៣ ខែ​កន្លះ គាត់​អាច​រក​ប្រាក់​ចំណូល​ដុល​បាន ១ ២០០ ០០០ រៀល លើ​ផ្ទៃដី ៤០០ ម៉ែត្រការ៉េ ។ ហើយ​បើ​ទូទាត់​លើ​ការចំណាយ​បូមទឹក និង​ទិញ​ក្បាល​ត្រី​ធ្វើ​ជី​ទឹក​អស់ ៣០០០០ រៀល ។ គាត់​ទទួលបាន​ប្រាក់ចំណេញ ៩០០ ០០០ រៀល ។​

4.​ ការជ្រើសរើស​ពូជ និង​ទុក​ពូជ​
ក្នុងការ​ទុក​ពូជ គាត់​បាន​រើសយក​ផ្លែ​ត្រប់​ណា​ដែល​មាន​ផ្លែ​ធំ វែង ជា​ផ្លែ​លើក​ទី ២ ដើម របស់​វា​មាន​សុខភាព​ល្អ (​គ្មាន​ជំងឺ​) រក្សាទុក​នៅ​ដើម​រហូត​ដល់​ផ្លែ​ចាស់​ល្អ ទើប​បេះ​យក​មក​ពុះ​យក​គ្រាប់​ចេញ រួច​លាង​ស្រង់​យក​ទៅ​ហាលថ្ងៃ​រយៈពេល ២ ទៅ ៣ ថ្ងៃ (​ហាល​ឲ្យ​ស្ងួត​) ទើប​យក​ទៅ​ចង​ប្រយួរ​ក្រោម​ផ្ទះ​ក្នុង​ម្លប់​ដែលមាន​ខ្យល់​ចេញចូល​បានល្អ ។​

5.​ ចំណាប់អារម្មណ៍​
លោកពូ​មានប្រសាសន៍ថា ដោយសារ​គាត់​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ធ្វើឲ្យ​គាត់​ទទួល​បាន​ទិន្នផល​ខ្ពស់ ជាពិសេស​ដំណាំ​ត្រប់​របស់គាត់ មិនបាន​ប្រើ​ជី និង​ថ្នាំពុល​គីមី​ឡើយ ។ លោកពូ​បន្តទៀតថា ជី​ធម្មជាតិ ជាពិសេស​ជី​ទឹក មិន​ត្រឹម តែ​ធ្វើឲ្យ​ដំណាំ​លូតលាស់​ល្អ​ទេ វា​អាច​ធ្វើឲ្យ​សត្វល្អិ​តមិន​ហ៊ានម​កជិត​ទៀតផង ។​
សរុបមក បច្ចេកទេស​សំខាន់ៗ ក្នុង​ការដាំ​ត្រប់​មាន​:
·        ការរៀបចំ​ដី​ដាំ​ដោយ​ភ្ជួរ​រាស់ និង​ហាល​ឲ្យ​ស្ងួត​
·        កាប់​រណ្តៅ​ប្រើ​ជី​ទ្រាប់​បាត​ដាក់​នៅ​បាត​រណ្តៅ និង​ដាក់​នៅ​ចន្លោះ​ជួរ​
·        ប្រើ​ជី​ទឹក​ស្រោច​បំប៉ន ១ អាទិត្យ​ម្តង រហូត​ដល់​ប្រមូល​ផល
·        ថែទាំ​ស្រោច​ទឹក ១ ថ្ងៃ ២ ដង និង​បេះ​ស្លឹក​ចាស់ៗ នៅ​ផ្នែក​ខាងក្រោម​ចោល​
·        ទុក​ពូជ ដោយ​ជ្រើសរើស​ផ្លែ​លើក​ទី ២ ធំវែង និង​មិន​មាន​ការបំផ្លាញ​ពី​ជំងឺ​សត្វល្អិត៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment