Wednesday, March 15, 2017

ស្តង់ដា​គុណភាព "​ស្វាយ​" សម្រាប់​នាំចេញ​ទៅ​ចិន​



ខាងក្រោម​នេះ​គឺជា​ឯកសារ​មួយចំនួន​ដែល​រៀបរាប់​ពី​ការ​កំណត់ដោយ​អ្នកទិញ​នៅ​ចិន មុនពេល​ដែល​យើង​អាច​នាំ​ស្វាយ​ចូល​ស្រុក​គេ (​ចិន​) បាន​។​
សូមបញ្ជាក់ថា​អ្វីដែល​លោកអ្នក​នាង​​មិត្តអ្នក​អាន​ទាំងអស់​នឹង​អាន​នៅពេល​បន្តិចទៀតនេះ គឺមាន​សារៈសំខាន់់​ខ្លាំងណាស់ សម្រាប់​អ្នកណាម្នាក់​ដែលមាន​បំណង​ចង់​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន​។​

​​*​ រុយ​ដែល​បង្ក​ឲ្យ​ផ្លែឈើ​ខូច : ខាងក្រៅ​ល្អមើល​ទៅ​ធម្មតា​តែ​ខាងក្នុង​បែរជា​មាន​សភាព​រលួយ ឬ មាន​សភាព​រលួយ​ដោយ​កន្លែង​ក្នុង​សាច់​របស់​ផ្លែស្វាយ​, រលួយ​ផ្នែក​ក្បាល ឬ តួ​របស់​ផ្លែស្វាយ​ជាំដោយ​កន្លែង​លើ​សំបក​ផ្លែស្វាយ ទាំងអស់នេះ​គឺជា​សញ្ញា​បញ្ជាក់ថា ស្វាយ​នោះ​ត្រូវបាន​ឆ្លង​មេរោគ​ពី​រុយ​ផ្លែឈើ (Fruit Fly) ដែល​បាន​ចម្លងរោគ​នោះមក​ផ្លែស្វាយ​នៅពេល​ណាមួយ​ដែល​យើង​មិនបាន​ដឹង​។​
 
ផ្លែស្វាយ​ដែល​ឆ្លង​រោគ​ពី Fruit Fly គឺជា​បញ្ហា​មួយ​យ៉ាង​ធំ​សម្រាប់​អ្នក​ដាំ​ស្វាយ ព្រោះ​វា​បានធ្វើ​ឲ្យ​ផ្លែស្វាយ​ខូច​ស្ទើរ 70 ភាគរយ​នៃ​ចំនួន​ផល​ដែល​ទទួលបាន ជួនកាល​ចំនួន​ខូចខាត​ដោយ Fruit Fly អាច​ច្រើនជាង​នេះ​។ អ្នកទិញ​ស្វាយ​ពី​យើង​គេ​ខ្លា​ចណាស់​ចំពោះ​ផ្លែស្វាយ​ដែលមាន​បញ្ហា​បែបនេះ ហេតុនេះហើយ​បានជា​អ្នកទិញ​ស្វាយ​ពី​យើង​គេ​តម្រូវ​ឲ្យ​អ្នកលក់​ត្រូវ​ធ្វើការ​មួយចំនួន​ដើម្បី​ធានាថា ផ្លែឈើ​នោះ​ត្រូវបាន​សម្លាប់​មេរោគ​ឆ្លង​មកពី Fruit Fly ជាមុនសិន មុនពេល​ដែល​គេ​ព្រម​ទិញ​ស្វាយ​ពី​យើង​យកទៅលក់​នៅ​ស្រុក​គេ​។​
 
របៀប​ដែល​គេ​ដោះស្រាយ​បញ្ហា​នេះ អាចមាន​ការលំបាក​ប​ន្តិ​ច ប៉ុន្តែ​វា​ធានាបាន​ថា ស្វាយ​នោះ​វា​នឹង​មិនមាន​ជំងឺ​ជាប់ទៅជាមួយឡើយ។ អាថ៌កំបាំងនៃការកំចាត់ជំងឺក្នុង​ផ្លែស្វាយ ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​សម្រាប់​ម្ចាស់​ចំការ​ស្វាយ​ធំៗ ដែលជា​សមាជិក​របស់​សហគម​អ្នក​ដាំ​ស្វាយ​សម្រាប់​នាំចេញ​ប៉ុណ្ណោះ​។​

​ផ្នែក​គ្រប់គ្រង​គុណភាព​ផ្លែឈើ​នាំ​ចូលទៅ​ប្រទេស​ចិន​បាន​កំណត់ថា ផ្លែឈើ​នាំចូល​ទៅ​ប្រទេស​គេ​គឺ​គ្មាន​រោគ​បង្កដោយ Fruit Fly ជាដាច់ខាត ដូច្នេះ​ស្វាយ​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ចិន​ត្រូវធ្វើ​ដូចខាងក្រោម​នេះ (​ឯកសារ​នេះ​ត្រូវបាន​ផ្តល់​ឲ្យ​ទៅ​ប្រទេសមួយ​នៅ​អាស៊ី​យើង​ដែរ ដែលជា​អ្នក​នាំ​ស្វាយ​ចេញទៅ​ចិន​ច្រើនជាងគេ​)
 
១- ផ្លែស្វាយ​ដែល​បេះ​បាន​មកហើយ​ត្រូវដាក់​ត្រាំ​ក្នុង​ទឹកស្អាត គ្មាន​មេរោគ​ ផ្លែស្វាយ​ណា​អណ្តែត​ត្រូវ​ស្រង់​ចេញ​ព្រោះ​វា​នៅ​ខ្ចី ផ្លែស្វាយ​ណា​ចាស់​ត្រឹមត្រូវ​ល្អ​វា​លិចទៅ​ក្រោម យើង​ត្រូវ​ស្រង់​យក​ស្វាយ​ដែល​លិច​ចុះក្រោម​នោះមក​ជូត​ជាមួយ​ក្រណាត់​ស្បៃ​ស្អាត​ដោយ​ថ្នមៗ ដៃ​របស់​យើង​ត្រូវ​ពាក់​ស្រោមដៃ​ដែរ​ការពារ​ការឆ្លង​មេរោគ​មិនល្អ​ទៅ​ស្វាយ​។​

២- ស្វាយ​ដែល​បាន​ជូត​សំអាត​រួច​ត្រូវ​យកទៅដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ​ក្នុង​កំដៅ 48 ដឺ​ក្រេ សម្រាប់​សំបក​ខាងក្រៅ 46 ដឺ​ក្រេស​ម្រា​ប់​សាច់​ខាងក្នុង យើង​ត្រូវមាន Sensor សម្រាប់​វាស់​កំដៅ​ទឹក​ឲ្យ​នៅ​ស្មើ​ក្នុង​កំដៅ 48 ដឺ​ក្រេ​ជានិច្ច និង​មាន Sensor កំដៅ​មួយទៀត​សម្រាប់​ស៊ក​ចូលទៅក្នុង​សាច់​ស្វាយ​ដើម្បី​ឲ្យ​ប្រាកដថា​សាច់​ខាងក្នុង​ផ្លែស្វាយ​ទទួលបាន​កំដៅ 46 ដឺ​ក្រេ​ជាក់លាក់​។ ផ្លែស្វាយ​នីមួយៗ​ត្រូវដាក់​ត្រាំ​ក្នុង​ទឹក​ក្តៅ 48 ដឺ​ក្រេ និង​លិច​ចុះទៅ​ក្នុង​ទឹក​ក្តៅ​នោះ​ឲ្យ​បាន 10 សង្ទីម៉ែត្រ ដោយ​ប្រើ​រយៈពេល 38 នាទី​សម្រាប់​ផ្លែស្វាយ​ដែល​តូច ​ឬ ​ខ្នាត​មធ្យម ឯ​ផ្លែ​ដែល​ធំ​ត្រូវ​ត្រាំ​ក្នុង​ទឹក​ក្តៅ​នោះ​ចំនួន 53 នាទី​ជា​កំណត់​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​សម្លាប់​មេរោគ​នៅក្នុង​ផ្លែស្វាយ​នោះ​ឲ្យ​អស់ មុនពេល​ស្វាយ​នោះ​ត្រូវ​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​។​

- គេ​តម្រូវ​ឲ្យ​មាន​កុំព្យូទ័រ​សម្រាប់ Monitor មើល​កំដៅ​និង Print Data ទាំងអស់​ដែល​ទទួលបាន​ពីអ្វី​ដែល​យើង​បានធ្វើ​ខាងលើនេះ ហើយ​ចាំបាច់​ត្រូវជា Data ពិតៗ​មិនអាច​ក្លែងបន្លំ​បានឡើយ ហើយក៏​មិនអាច​និយាយ​រៀបរាប់​ប្រាប់​គេ​ថា​បានធ្វើ​យ៉ាងនេះ​យ៉ាងនោះ​បានដែរ គឺត្រូវធ្វើ​ដោយ​ហ្មត់ចត់​និង​ត្រឹមត្រូវ​ទៅតាម​ស្តង់ដា​ដែល​បានកំណត់​ឲ្យ​នោះ​។​
 
៣- ការប្រើ​ទឹក​ក្តៅ​សម្រាប់​សម្លាប់​រោគ​ក្នុង​ផ្លែស្វាយ​គឺជា​វិធីសាស្ត្រ​មួយ​ដោយឡែក​ពី​ការធ្វើ​ដោយ ម៉ាស៊ីន​ទំនើប មានតម្លៃ​រាប់សែន​ដុល្លារ​និង​ងាយស្រួល​ជាង​។ ការ​ត្រាំ​ផ្លែស្វាយ​នៅក្នុង​ទឹក​ក្តៅ 48 ដឺ​ក្រេ​មិនបាន​ធ្វើ​ឲ្យ​ស្វាយ​ខូច​ពណ៌​សម្បុរ​ឬ​រលួយ​នោះឡើយ តែ​វា​បានសម្លាប់​មេរោគ​ទាំងឡាយ​នៅក្នុង​សំបក​ និង​ នៅក្នុង​សាច់​របស់​ស្វាយ​លែង​ឲ្យ​មាន​ទៀត ដូច្នេះ​នៅពេល​គេ​បន្ទំ​វា វា​នឹងមិន​រលួយ​ក្ប​ល​ឬ​រលួយ​ជាំ​លើ​តួ​ផ្លែស្វាយ​នោះឡើយ​។​
 
៤- ស្វាយ​ដែល​ស្រង់​ចេញពី​ទឹក​ក្តៅ​មក​ត្រូវដាក់​សំដិល​ឲ្យ​ស្ងួត​តាម​ធម្មជាតិ មិន​អនុញ្ញាត​ឲ្យ​ជូត​ឬ​បាញ់​ខ្យល់​ក្តៅ​សម្រាប់​ស​ម្ងួ​តវា​ឡើយ​។​
 
៥- បន្ទាប់ពី​ផ្លែស្វាយ​ស្ងួត​ទឹក​អស់ហើយ​ត្រូវយក​វា​ទៅ​កន្លែង​ជម្រុះ​ខ្នាត​ដោយមាន​ខ្នាត ​ស៊ក​ផ្លែស្វាយ​ចូល និង​ប្រវែង​បណ្តោយ​របស់​ផ្លែស្វាយ បែងចែក​ផ្លែ​ធំដាក់​ផ្សេង​ដោយ​យោង​ទៅលើ​ទម្ងន់​ធ្វើជា​ខ្នាត​ធំ ផ្លែ​កណ្តាល​ដាក់​ផ្សេង ផ្លែ​តូច​ត្រូវ​ដកចេញ (​អ្នកទិញ​ជា​អ្នកកំណត់​មក​)
 
៦- ពង​តូចៗ​របស់ Anthranose ត្រូវបាន​ពិនិត្យឃើញ​នៅ​រាយប៉ាយ​ពាសពេញ​ផ្លែស្វាយ (​សំបក​ក្រៅ​) ដូច្នេះ​ពេលវេលា​នៃ​ការ​ត្រាំ​ទឹក​ក្រៅ​ត្រូវបានធ្វើ​ខ្លី​ជាង​សម្រាប់​កំចាត់ (​សម្លាប់ពង Fruit Fly) នោះ​ចោល ឯ​ពង (​រោគ​) ដែល​នៅក្នុង​សាច់​ស្វាយ​វា​ពិបាក​កំចាត់​ជាង ​ដូច្នេះ​ពេលវេលា​ត្រាំ​ក្នុង​ទឹក​ក្តៅ​ក៏ត្រូវ​យូរ​បន្តិច​ដែរ​។​
 
៧- ការ​វេច​ខ្ចប់​យ៉ាងណា​នោះ​គឺ​សឹង​ត្រូវបាន​តម្រូវ​ដោយ​អ្នកទិញ​ទាំងអស់ យើង​ជា​អ្នកលក់​មិនអាច​ធ្វើ​វា​តាមចិត្ត​យើង​ចង់​បានឡើយ​
​ដូច្នេះ​ចាប់ពីពេលនេះ​ទៅ​យើង​អាច​ប្រើប្រាស់​វិធី​ខាងលើនេះ​សម្រាប់​គ្រប់គ្រង​ផ្លែស្វាយ​ដែល​បេះ​បានមក​នោះ ហើយ​ទោះបីជា​យើង​ធ្វើ​សម្រាប់​លក់​ក្នុងស្រុក​ក៏ដោយចុះ ក៏​វា​ជា​វិធីសាស្ត្រ​មួយ​ដែល​យើង​គ្រប់គ្នា​ជា​អ្នក​ដាំ​ដំណាំ​ត្រូវ​ដឹង​ជា​ចាំបាច់​ដែរ​។ ម្យ៉ាងវិញទៀត​នោះ​គឺ​វា​បាន​ជួយ​កាត់បន្ថយ​ការខូចខាត​ពេល​បន្ទំ យើង​និង​មិនឃើញ​មាន​ស្វាយ​ទុំ​ហើយ​រលួយ​ដូច​មុន​ទៀតឡើយ សុវត្ថិភាព​នៃ​គុណភាព​ត្រូវបាន​ធានា​ទាំងស្រុង​។​

បំណងល្អ​មួយ​: បេះ​ផ្លែស្វាយ​រួច​កុំ​ភ្លេច​កាត់​មែក​វា​ចោល​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​វា​មាន​ផ្លែផ្កា​ល្អជា​និច្ច និង ដើម្បី​កុំ​ឲ្យ​វា​ខ្សោយ​ដើម​អ​និ​ការលូតលាស់ មិនតែប៉ុណ្ណោះ​វា​អាចជួយ​ឲ្យ​ផ្លែ​បាន​ធំ​ល្អ​ផងដែរ​៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment