កសិករ
ងួន សំបូរ រស់នៅភូមិភ្នំក្រហម ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំអំពៅ ។ ការដាំអំពៅនេះអាចជាចំណូលសំរាប់រួមផ្សំជាមួយ
ចំនូលផ្សេងទៀត សំរាប់ផ្គត់ផ្គង់គ្រួសារគាត់ ។ ក្នុងរយៈពេល ៦ខែគាត់អាចទទួលបានប្រមាណ
៥០ម៉ឺនរៀល ។ ចំពោះបទពិសោធន៍នៃការដាំនេះគឺគាត់បានចេះតៗពីឪពុកម្តាយគាត់មក ។
១. ការរៀបចំដី
ដោយសារដីរបស់គាត់
ជាប្រភេទដីភ្នំ (ដីព្រៃទើបនឹងរានហើយ) ដូច្នេះធ្វើឲ្យគាត់ងាយស្រួលក្នុងការរៀបចំដីដាំ
។ គាត់កាប់ដីជ្រុំ ២ ទៅ ៣ សា រួចកាប់ជារណ្ដៅ ដែលមានទំហំ ២ តឹក ៤ជ្រុង ជំរៅ ២ចប
និងចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ០,៥ម៉ែត្រ ។
២. របៀបដាំ
ក្នុងការដាំគាត់បានរើសយកដើមអំពៅ
ដែលថ្លោសល្អគ្មានជំងឺ ដោយកាប់ជាកង់ៗប្រវែងប្រហែល ២តឹក (កាប់យកតែផ្នែកកណ្តាល)
យកទៅផ្សាំដោយកប់ដី និងស្រោចទឹកថែទាំរយៈពេល ១,៥ខែ ទើបយកទៅដាំក្នុងរណ្តៅ ។ នៅក្នុងរណ្តៅនីមួយៗ គាត់បានដាក់ជីកំប៉ុស្ត
លាមកគោស្ងួត លាយជាមួយស្លឹកឈើងាប់ៗ ១ ទៅ ២បង្គី រួចបន្ថែមផេះអង្កាមកន្លះបង្គី ក្នុង
១រណ្តៅ ដោយជ្រុំជាមួយដីឲ្យសព្វទើបយកកូនអំពៅមកដាក់ដាំដោយក្នុងមួយរណ្តៅដាក់ដាំមួយកង់
។
៣. ការថែទាំ
បន្ទាប់ពីដាំរួចគាត់ស្រោចទឹកក្នុង
១ថ្ងៃ ២ដងគឺព្រឹកម្តង ល្ងាចម្តង ។ តែក្រោយពេលអំពៅចាប់លូតលាស់ធំល្មមរស់ហើយ
គាត់ស្រោចទឹក ៣ ទៅ ៥ថ្ងៃម្តង ។ ក្រៅពីនេះគាត់បានជ្រុំដីបោចស្មៅនៅលើរង
និងដាក់ជីបន្ថែមនៅចន្លោះរង នៅពេលអំពៅកំពុងលូតលាស់
(ជីដែលដាក់នៅចន្លោះរងមានជីលាមកសត្វពុកផុយ ជីកំប៉ុស្ត និងស្លឹកឈើងាប់ៗ ។
មិនតែប៉ុណ្ណោះគាត់បានសកស្លឹកវាចេញក្នុង ១ខែ ពី ២ ទៅ ៣ដង ដើម្បីឲ្យពន្លឺចូលគ្រប់គ្រាន់អំពៅឆាប់រីកលូតបានវែង
និងមិនប្រេះដើម ។ គាត់ធ្វើការជ្រុំ និងពូនគល់អំពៅបន្ថែម នៅពេលអំពៅអាយុបាន ២ខែ ឡើង
។ ធ្វើបែបនេះដើម្បីជួយជំរុញដល់ការលូតលាស់ដើមអំពៅ និងជួយទប់ដើម ដើម្បីកុំឲ្យរលំនៅពេលមានភ្លៀងខ្យល់
។ ដោយសារដីគាត់សម្បូរកណ្តៀរ គាត់បានយកផេះចាក់គល់ដើម្បីកំចាត់កណ្តៀរ ។
៤. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៦ ទៅ ៧ខែ
គាត់អាចប្រមូលផល និងអាចលក់បានជាបណ្តើរៗ ។ ក្នុងការប្រមូលផលគាត់កាប់ដើមត្រឹមគល់ ។
នៅពេលកាប់អំពៅអស់ គាត់កាប់ដីដាំជាថ្មីទៀតបណ្តើរៗ ។ ក្រៅពីការហូបនៅក្នុងគ្រួសារ
គាត់បានចែកអ្នកជិតខាង និងលក់ផង ។ សរុបប្រាក់ចំណូលដែលបានពីការលក់អំពៅនេះប្រមាណតែ
៥០ម៉ឺនរៀល តែប៉ុណ្ណោះ ។
៥. ចំណាប់អារម្មណ៍
ក្នុងការដាំអំពៅនេះ
លោកអ៊ុំមានចំណាប់អារម្មណ៍ថា អំពៅមានការងាយស្រួលក្នុងការដាំ ។ ប៉ុន្តែដោយសារដីគាត់ទើបរានថ្មី
ធ្វើឲ្យគាត់មានការលំបាកបន្តិចទៅលើការថែទាំ ព្រោះសម្បូរទៅដោយសត្វកណ្តៀរ ។
តែទោះជាយ៉ាងណាដំណាំនេះមិនលំបាកដូចជាដំណាំបន្លែ និងដំណាំផ្សេងទៀតឡើយ
ហើយជាពិសេសអាចធ្វើឲ្យគាត់អាចទទួលបានប្រាក់ចំណូលដុំផង និងប្រាក់ចំណូលរាយផង
និងបរិភោគក្នុងគ្រួសារបានផង ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំអំពៅមាន:
·
កាប់រណ្តៅដាំដោយទុកចន្លោះរង
និងចន្លោះគុម្ពសមស្រប ដើម្បីឲ្យអំពៅលូតលាស់ល្អ
·
កាត់យកកំណាត់អំពៅផ្នែកកណ្តាលទៅផ្សាំឲ្យដុះសិនមុនយកទៅដាំក្នុងរណ្តៅ
·
ប្រើជីធម្មជាតិដាក់ក្នុងរណ្តៅពេលដាំ
និងប្រើផេះអង្កាមដើម្បីកំចាត់កណ្តៀរ
·
ថែទាំ
ស្រោចទឹក ដកស្មៅ លះស្លឹកដែលចាស់ៗ ដើម្បីឲ្យអំពៅលូតលាស់ល្អ ។
ពាន សុខា ស៊ិន អង្គារសាធ និងចាន់ សាវ៉ុន
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
No comments:
Post a Comment