មានបទពិសោធន៍របស់កសិករជាច្រើន ដែលយើងខ្ញុំបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រលេខ
៣ ខែ សីហា ឆ្នាំ ២០០១ កន្លងមកស្តីអំពីរបៀបកំចាត់ក្តាមកាត់ស្រូវនៅក្នុងស្រែ
ដូចជាមានកសិករខ្លះនៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គាត់បានយករុក្ខជាតិម្យ៉ាងមានឈ្មោះថា
វល្លិ៍រឡេះជើងក្តាម ឬដើមជ្រលាត់ដៃ កាត់ជាកង់ខ្លីៗ បាចពេញក្នុងស្រែ
អាចជួយបណ្តេញក្តាមមិនឲ្យមកកាត់ស្រូវ ជាពិសេសស្រូវកំពុងបែកគុម្ព ។
នៅលេខនេះ យើងខ្ញុំសូមលើកយកបទពិសោធន៍កំចាត់ក្តាមមួយទៀតរបស់កសិករប្រទេសឥណ្ឌា
ដែលបានអនុវត្តអស់រយៈពេល ៣០ ឆ្នាំកន្លងមកហើយ ។ បទពិសោធន៍នោះ គឺគាត់បានយកគ្រាប់អំពិល
ទុំទៅត្រាំទឹករយៈពេល ២៤ ម៉ោងដើម្បីឲ្យគ្រាប់រីក និងស្អិត ។ បន្ទាប់មក
យើងយកគ្រាប់អំពិល ៥ ទៅ ៦ គ្រាប់ ទៅធ្វើជាចំណីក្តាម ដោយដាក់នៅជុំវិញ
ឬក្បែរៗ រន្ធក្តាម ។ នៅពេលក្តាមមកស៊ីគ្រាប់អំពិល នោះវាខំប្រឹងទំពារគ្រាប់អំពិលកាន់តែរីកខ្លាំង
ហើយស្អិតជាប់នៅពេញក្នុងមាត់ក្តាម ។ រយៈពេល ១ ទៅ ២ ថ្ងៃក្រោយមកក្តាមនឹងងាប់
។ គេអាចព្រោះ ឬពង្រាយគ្រាប់អំពិលដែលត្រាំ ហើយនៅតាមភ្លឺ
ឬតាមជ្រុងនីមួយៗ ជុំវិញស្រែក្នុងបរិមាណ ៨០០ គីឡូក្រាមគ្រាប់ ក្នុង ១ ហិកតា
។
សរុបមក
វិធីសាស្ត្រយ៉ាងសាមញ្ញសំរាប់កំចាត់ក្តាមឲ្យមានប្រសិទ្ធិភាព ដែលកសិករក្នុង
និងក្រៅប្រទេសបានអនុវត្តកន្លងមកគឺ :
- យកដើមជ្រលាត់ដៃ និងវល្លិ៍រឡេះជើងក្តាមកាប់បាចក្នុងស្រែ
- យកគ្រាប់អំពិលត្រាំទឹកឲ្យរីក ដាក់រាយពេញស្រែ ឬដាក់នៅតាមជ្រុងស្រែ ។
ដូច្នេះបើមានបញ្ហាក្តាមកាត់ស្រូវ សូមបងប្អូនកសិករសាកល្បងនូវបទពិសោធន៍ខាងលើ
ច្បាស់ជាបានផលជាក់ជាមិនខាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment