មានកសិករជាច្រើនដែលចេះនូវបច្ចេកទេសដាំដំណាំ ប៉ុន្តែវាមានលក្ខណៈខុសគ្នាបន្តិចៗទៅតាមបទពិសោធន៍
និងតំបន់ ។ យ៉ាងណាមិញអ្នកមីង ម៉ក់ ឆេងលាន ដែលរស់នៅភូមិកូនសត្វ
ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត គាត់មានបទពិសោធន៍ដាំប៉េងបោះបានផ្លែច្រើនអស់រយៈពេល
៨ ឆ្នាំ មកហើយ ។ នៅលើផ្ទៃដី ១១៤ ម៉ែត្រការ៉េ គាត់ប្រមូលបានផ្លែ ២៨៥ គីឡូក្រាម ។
ទិន្នផលនេះមានលក្ខណៈល្អប្រសើរ ព្រោះគាត់មិនមានការប្រើជី និងថ្នាំពុលគីមីដែលធ្វើឲ្យការចំណាយខ្ពស់ឡើយ
។
1. ការសាបកូនប៉េងបោះ
ពូជប៉េងបោះដែលគាត់ដាំជាពូជដែលរក្សាទុកដោយខ្លួនឯង ។ មុនដាំ គាត់បានសាបគ្រាប់លើផ្ទៃដី
៥៦ ម៉ែត្រការ៉េ ដោយប្រើពូជអស់ ១០ ផ្លែ ។ នៅលើថ្នាលសាបគាត់បានដាក់ជីកំប៉ុស្តអស់
២០ គីឡូក្រាម ។ បន្ទាប់មក គាត់លើករង រួចចាប់ផ្តើមព្រួសតែម្តង ។
ក្រោយពីព្រួសគ្រាប់ ហើយគាត់យកដីធម្មតាច្របល់ឲ្យម៉ដ្ឋរោយពីលើ ដើម្បីកុំឲ្យអណ្តែតនៅពេលស្រោចទឹក
ឬសត្វបំផ្លាញ ។ បន្ទាប់មកបាញ់ថ្នាំពុលធម្មជាតិដែលគាត់បានផ្សំ ដើម្បីការពារសត្វល្អិតបំផ្លាញមុនពេលគ្រាប់ដុះ
។ ក្រោយពីសាបគ្រាប់រួចរាល់ហើយ គាត់យកស្លឹកដូងគ្របថ្នាលរយៈពេល ៣ ថ្ងៃ ទើបបើកឲ្យត្រូវពន្លឺថ្ងៃ
។ ហើយក្នុងមួយថ្ងៃ គាត់ស្រោចទឹកពីរដង (ព្រឹក និងល្ងាច) ។
2.ការរៀបចំដីសម្រាប់ដាំ
មុនពេលដាំ គាត់បានភ្ជួរដី និងរាស់បំបែកឲ្យម៉ដ្ឋពី ២ ទៅ ៣ សា ដាក់ជីលាមកគោ
១ គីឡូក្រាម និងដីបាតត្រពាំង ៦០ អំរែក ច្របល់លាយចូលគ្នាទ្រាប់បាត
។បន្ទាប់មកគាត់បានលើករងដែលមានបណ្តោយ ១៩ ម៉ែត្រ ទទឹង ៨ តឹក
និងកំពស់រងប្រហែល ២ តឹក ។ នៅលើរង គាត់បានជីរណ្តៅដែលមានចន្លោះគុម្ព ៤
តឹក ។ ក្រោយពីសាបគ្រាប់ បានរយៈពេល ១៥ ថ្ងៃ (កូនប៉េងបោះមានកំពស់ ១ តឹក)
គាត់បានដកយកទៅដាំក្នុងរណ្តៅ ។ ការដាំធ្វើនៅពេលល្ងាចត្រជាក់
ដោយជ្រើសរើសតែកូនប៉េងបោះដែលថ្លោសល្អ និងគ្មានជំងឺយកទៅដាំ ។
3. ការថែទាំ
ក្រោយពីដាំ ហើយគាត់បានស្រោចទឹក ១ ថ្ងៃ ២ ដង ព្រឹក និងល្ងាច ជារៀងរាល់ថ្ងៃ
។ ដាំបានរយៈពេល ១ អាទិត្យ គាត់បានស្រោចជីទឹក (ជីត្រាំកូនត្រី)
។ បន្ទាប់មកទៀត ក្រោយពេលដាំរយៈពេល ២០ ថ្ងៃ គាត់បានដាក់ជីលាមកគោ
និងជ្រូកអស់ ៤០ អំរែក នៅកណ្តាលរង និងស្រោចជីត្រីបន្ថែមពីលើទៀត
រួចទើបគាត់លប់ដីកប់ជីនោះ ។ ជីទឹកគាត់បន្តស្រោច ១ អាទិត្យម្តង
រហូតដល់ពេលប្រមូលផល ។
4. ការប្រមូលផល
ក្រោយពីសាប និងដាំអស់រយៈពេល ៧០ ទៅ ៧៥ ថ្ងៃមក ប៉េងបោះផ្លែអាចប្រមូលផលបាន
។ ការប្រមូលផល ធ្វើឡើង ២ ទៅ ៣ ថ្ងៃម្តង រហូតដល់អស់ផ្លែ ។ សរុបមក
គាត់ប្រមូលផលបាន ២៨៥ គីឡូក្រាម ដែលក្នុង ១ គីឡូក្រាម លក់បានតំលៃ ពី ៨០០ រៀល
ទៅ ១០០០ រៀល គឺបានទឹកប្រាក់សរុប ២៥៦ ៥០០ រៀល លើផ្ទៃដី ១១៤ ម៉ែត្រការ៉េ ។
ក្រៅពីការបរិភោគប្រចាំថ្ងៃ និងទូទាត់ការចំណាយទៅលើការទិញត្រីធ្វើជីទឹក
គាត់នៅសល់ចំណូលសុទ្ធ ២២៧ ៥០០ រៀល ។
សរុបមក
បច្ចេកទេសសំខាន់ក្នុងការដាំប៉េងបោះមាន
·
រៀបចំថ្នាលព្រួសគ្រាប់ប៉េងបោះដោយប្រើជីលាមកគោ
និងដីបាតត្រពាំងទ្រាប់បាត
·
ប្រើជីទឹកស្រោចបំប៉នកូនប៉េងបោះលើថ្នាល
·
ក្រោយពីព្រួសគ្រាប់យកដីម៉ដ្ឋធម្មតាមករោយពីលើដើម្បីកុំឲ្យខ្ទាតគ្រាប់នៅពេលស្រោចទឹក
·
រៀបចំដី
និងកាប់រណ្តៅដាក់ជីលាមកសត្វ និងដីបាតត្រពាំងទ្រាប់បាត
·
ដកកូនប៉េងបោះមកដាំដោយជ្រើសរើសកូនថ្លោសគ្មានជំងឺ
គ្មានជំងឺសត្វល្អិតបំផ្លាញ
·
ប្រើជីលាមកសត្វ
និងដីបាតត្រពាំងបំប៉ននៅតាមចន្លោះជួរ ព្រមទាំងប្រើជីទឹកបំប៉ន
រហូតដល់ប្រមូលផល៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment