Thursday, March 2, 2017

បទពិសោធន៍​ការពារ​សត្វល្អិត​ដោយ​ត្រាំ​ពូជ​ក្នុង​ទឹក​ស្តៅ​មុន​ដាំ​



លោកពូ ឆាយ សាវុន ដែល​ជា​កសិករ​រស់នៅ​ភូមិ​ចំរេះ ឃុំ​គោ​កខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។ ក្រោយពី​បាន​ចូលរួម​​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ និង​អាន​ព្រឹត្តិបត្រ​កសិករ ដែល​បាន​ចុះផ្សាយ​ក្នុង ខែ​ឧសភា ​ឆ្នាំ​២០០២ ដែល​សរសេរ​អំពី​ការប្រើ​ស្លឹក​ស្តៅ កំចាត់​សត្វល្អិត​លើ​ដំណាំ​ស្រូវ​មក លោកពូ​បាន​ធ្វើ​ការសាកល្បង​តាម ។ គាត់​បាន​យក​ស្លឹក​​ស្តៅ ២ តៅ បុក​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ត្រាំ​ទឹក​ចោល​មួយ​យប់ បន្ទាប់​មក​ច្រោះ​យក​ទឹក​ទុក​សំរាប់​ត្រាំ​គ្រាប់​ពូជស្រូវ ។ ទឹក​ត្រាំ​ស្តៅ​លៃ​យ៉ាងណា​​ដាក់​ឲ្យ​លិច​ស្រូវ ៣ តៅ ។ គ្រាប់​ពូជស្រូវ​មុន​ដាក់​ត្រាំ​ក្នុង​ទឹ​កស្តៅចាំបាច់​ត្រូវ​ជ្រើស​រើសសំរាំងយ​ក​ពូជ​សុទ្ធ គ្រាប់​ពេញ​ល្អ​មក​ត្រាំ ។​កន្លង​​មក លោកពូ សាវុន បាន​ត្រាំ​ពូជស្រូវ​អ៊ី​អ៊ែ ៣ តៅ សំរាប់​ស្ទូង​លើដី ៤៧ អារ ។ ក្រោយ​ពី​ត្រាំ​គ្រាប់​ពូជស្រូវ​ក្នុង​ទឹក​ស្តៅ អស់​រយៈពេល​​មួយ​យប់ បន្ទាប់មក​យក​ទៅ​ផ្អាប់ ២ យប់ ទើប​លោក​ពូ​បាន​យក​គ្រាប់​ទៅ​សាប​ក្នុង​ស្រែ ។ ក្រោយ​ពី​សន្ទូង​លូតលាស់​បែក​គុម្ព​មក គាត់​​សង្កេតឃើញថា​ស្រូវ​របស់​គាត់​លែង​ជួបប្រទះ​នឹង​ក្រា ដង្កូវ​ស៊ី​ស្លឹក​ទៀត ។ ប៉ុន្តែ​នៅ​មាន​ស្រឹង​បំផ្លាញ​បន្តិចបន្តួច​នៅ​ពេល​ដំណាក់កាល​​ស្រូវ​ចេញ​ផ្កា និង​ដាក់​ទឹក​ដោះ ។​​ ​
ទោះបីយ៉ាងណា​ក៏ដោយ លោកពូ​បាន​ធ្វើ​ការប្រៀបធៀប​ទៅ​ដំណាំ​ស្រូវ​អ្នកជិតខាង ដែល​ដាំ​ដោយ​មិន​បាន​ត្រាំ​គ្រាប់ពូជ​ក្នុង​​ទឹក​ស្តៅ ជាមួយ​ស្រូវ​របស់​គាត់​ដែល​ត្រាំ​គ្រាប់​ជាមួយ​ទឹក​ស្តៅ ឃើញ​ថា​ស្រូវ​របស់​អ្នកជិតខាង​ជុំវិញ​គាត់ ត្រូវ​រង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ​ខាងលើ ចំណែកឯ​ស្រូវ​របស់​គាត់​ពុំ​មាន​សត្វ​បំផ្លាញ គឺមាន​តែ​សត្វ​ស្រឹង​បន្តិចបន្តួច​ប៉ុណ្ណោះ ។​
​ដូច្នេះ ដើម្បី​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ សូម​បងប្អូន​កសិករ​ត្រាំ​គ្រាប់​ពូជ​នៅ​ក្នុង​ទឹក​ស្តៅ​តាម​បទពិសោធន៍​លោកពូ ​សាវុន ខាងលើ តើ​វា​មាន​ប្រសិទ្ធភាព​យ៉ាងណា?
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment