ល្មុតជាឈើហូបផ្លែមួយប្រភេទដែលកសិករនិយមដាំក្នុងសួនគ្រួសារ
និងដាំជាចំការធំៗ ជាពិសេសកសិករច្រើន និយមដាំពូជក្នុងស្រុកដែលបំបៅដោយខ្លួនឯង
។ ចំពោះការបំបៅនេះ មានកសិករជាច្រើន ដែលមានបទពិសោធន៍ប្លែកៗ ពីគ្នា តែទទួលបានលទ្ធផលល្អដូចគ្នា
ដែលយើងសូមបង្ហាញជូនដូចខាងក្រោម :
លោកពូ វ៉ាន់ អ៊ឹម ដែលជាកសិកររស់នៅភូមិចំការឌៀប
ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានបទពិសោធន៍ បំបៅមែកល្មុតដុះលូតលាស់បានល្អស្ទើរតែមួយរយភាគរយ
និងមានផ្លែកសិករហៅថាមែកបំពង់ មកបំបៅ ។
នៅលើមែកបំពង់នោះ លោកពូចៀរសំបកជុំវិញមែកប្រវែង ១ តឹក
ហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខ ចៀរ ។ ម្យ៉ាងទៀត
តាមបទពិសោធន៍របស់គាត់ឃើញថា កាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ ។
ក្រោយពីទុក ចោលរយៈពេល ២ ទៅ ៣ ថ្ងៃ
ដើម្បីឲ្យមុខចៀរស្ងួតទើបគាត់យកដីដែលមានជីជាតិមករុំបិទជាមួយនឹងថង់ប្លាស្ទិក
ដោយចងរិត ឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង ។ បន្ទាប់មក
លោកពូចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗ
ទើបគាត់ពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ ៣ ថ្ងៃម្តង ។
ក្រោយពីបំបៅហើយរយៈពេលមួយខែ គាត់សង្កេតឃើញឫសសៗ
ដុះចេញមក ហើយគាត់បន្តទុករហូតដល់ ២ ឬ ៣ ខែទៀត ទើបកាត់យកទៅដាំ ។
កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់ ។
ចំពោះបទពិសោធន៍របស់លោកពូ ប្រាក់ ច្រេស ដែលរស់នៅភូមិតាសួន
ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត តាកែវវិញ ក៏មានបទពិសោធន៍ល្អដែរ
។ ក្នុងការជ្រើសរើសមែកបំបៅ គឺគាត់ជ្រើសរើសមែកបំពង់ដូចគ្នា ។
ប៉ុន្តែក្រោយពីចៀរ សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ
គាត់យកខ្លាញ់គោ (ខ្លាញ់ដុំ)
មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី ដែលមានជីជាតិមកបិទ
បន្ទាប់មកយកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់ ចងសងខាង ។
ក្រោយពីបំបៅហើយភ្លាម
លោកពូបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង
។ ការបំបៅនេះ ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន ។
លោកពូបានបញ្ជាក់ប្រាប់ថា
ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន ។
ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់
ហើយកាត់បន្ថយការស្រោចទឹក ។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ ឲ្យឆាប់ដុះឫស
។
សរុបមក តាមបទពិសោធន៍របស់កសិករទាំងពីរ
ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ មួយចំនួនដូចខាងក្រោម
:
- ជ្រើសរើសយកមែកបំពង់មកបំបៅ
- កោសរំអិលចេញនៅមុខដែលត្រូវបំបៅ កុំឲ្យដោយសាច់ឈើ ។ កោសហើយអាចទុកឲ្យស្ងួត ឬលាបខ្លាញ់គោ
- យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ
- ចងរុំប្លាស្ទិកឲ្យណែន ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក
- បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យ ទើបបន្ថយការស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង
- បន្ថយការស្រោចទឹក នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment