Wednesday, March 15, 2017

ចង្វាក់​ផលិតកម្ម​ម្ទេស​ក្រោយ​ប្រមូល​ផល​



មុខងារ និង​ការ​ចែកចាយ​ផលិតផល​សម្រាប់​ការស្វែងរក​ច្រក​ពាណិជ្ជកម្ម គឺជា​កត្តា​សំខាន់​បំផុត​សម្រាប់​ផលិតករ​ទាំងឡាយ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការលូតលាស់ ផ្នែក​សេដ្ឋកិច្ច​ទីផ្សារ ព្រមទាំង​ការប្រកួតប្រជែង​ផ្សេងៗ ។ ម្ទេស​ត្រូវបាន​ផលិត និង​ចែកចាយ​ទៅ​ដៃគូរ​ពាណិជ្ជកម្ម គឺ គិត​ចាប់ពី​កសិករ អ្នក​ប្រមូល​ទិញ អ្នក​កែ​ចៃ្ន អ្នក​លក់ដុំ និង​អ្នក​លក់រាយ រហូត​ទៅ​ដល់ដៃ​អ្នកប្រើប្រាស់​ចុងក្រោយ ។ លំហូរ​នៃ​ការលក់ដូរ​ម្ទេស​ទៅ​ដៃគូរ​ពាណិជ្ជកម្ម​របស់​ក្រុម​ខ្សែសង្វាក់​ផ្គត់ផ្គង់​នីមួយៗ មាន​តួនាទី​ផ្សេងៗ គ្នា​គឺ​៖

១- កសិករ
មាន​តួនាទី​ជា​អ្នក​ដាំ​ម្ទេស សម្រាប់​ធ្វើ​ការផ្គត់ផ្គង់​ទៅតាម​តម្រូវការ​ទីផ្សារ និង​អ្នកប្រើប្រាស់ ។ កសិករ​ត្រូវ​សិក្សា​ពី​ទីផ្សារ​របស់​ផលិតផល​ដែល​ខ្លួន​គ្រោង​នឹង​ផលិត ហើយ​ស្វែងរក​អ្នក​ទិញ​ផលិតផល​ម្ទេស​ទៅ​លក់​បន្ត​នៅ​លើ​ទីផ្សារ ក្នុងករណី ដែល​មិន​មាន​មធ្យោបាយ​ដឹកជញ្ជូន​ផ្ទាល់​ខ្លួន​ទៅ​កាន់​ទីផ្សារ ។ បើ​មាន​មធ្យោបាយ​ដឹកជញ្ជូន​ផ្ទាល់​ខ្លួន​គាត់​អាច​បញ្ជូន​ផលិតផល​ទៅ​កាន់​ទីផ្សារ ឬ​ដល់​ដៃ​អ្នក​ប្រើប្រាស់​ផ្ទាល់​តែម្តង ។ កសិករ​អាច​ជា​អ្នក​កែច្នៃ​ផលិតផល​ម្ទេស ក្នុងករណី​ដែល​តម្រូវការ ផលិតផល​ម្ទេស​សម្ងួ​ត​មាន​ការកើនឡើង និង​ទទួលបាន​នូវ​តម្លៃ​ខ្ពស់ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ។ តាម​លទ្ធផល​ស្រាវជ្រាវ​បានបង្ហាញ​ថា ៦៤.៤ ភាគរយ នៃ​ផលិតផល​ម្ទេស ត្រូវ​បាន​ប្រមូល​ទិញ​ដោយ​ឈ្មួញកណ្តាល​យកទៅ​លក់​បន្ត និង ៣៣.៧ ភាគរយ ត្រូវ​បាន​ប្រមូល​ទិញ​ដោយ​ឈ្មួញ​យក​ទៅ​ធ្វើ​ការកែច្នៃ និង​ក្រៅពីនោះ​កសិករ​ដឹកយក​ទៅ​លក់​ឲ្យ​អ្នកលក់ដុំ និង​លក់រាយ​នៅ​ទីផ្សារ​ផ្ទាល់ ។​

២- អ្នក​ប្រមូល​ទិញ ឬ​ឈ្មួញកណ្តាល​
មាន​តួនាទី​ប្រមូល​ទិញ​ផលិតផល​ពី​អ្នក​ផ​លិ ស្វែងរក​ទីផ្សារ​ដើម្បី​នាំយក​ផលិតផល​ទៅ​ផ្គត់ផ្គង់​នៅតាម​តំបន់​ផ្សេងៗ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​អតិថិជន ។ ផលិតផល​ម្ទេស ត្រូវបាន​នាំយក​ទៅ​លក់​បន្ត​តាមរយៈ​អ្នក​ប្រមូល​ទិញ ៤៤ ភាគរយ បញ្ជូន​ទៅ​អ្នក​លក់ដុំ ៣២ ភាគរយ និង​បញ្ជូន​ទៅ​អ្នក​កែ​ច្នៃ​មាន​ចំនួន ២៤ ភាគរយ នឹង​ទទួលបាន​នូវ​តម្លៃ​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ។​

៣- អ្នក​កែ​ច្នៃ​
មាន​តួនាទី​ជា​អ្នក​ផលិត​នូវ​ផលិតផល​កែច្នៃ ដែល​បាន​វត្ថុធាតុដើម​ពី​កសិករ ការសិក្សា​ទីផ្សារ ជា​កត្តា​សំខាន់​សម្រាប់​ការផលិត​នូវ​ផលិតផល​កែច្នៃ និង​ការរក្សា​គុណភាព​ផលិតផល ដើម្បី​ប្រកួតប្រជែង​ទីផ្សារ និង​ធានាបាន​នូវ​ការផ្គត់ផ្គង់​ទីផ្សារ ។ ការកែច្នៃ​ផលិតផល​ម្ទេស​ស្រស់​រួមមាន​៖ ការ​សម្ងួត​ធ្វើ​ម្ទេស​ក្រៀម ធ្វើ​ទឹកម្ទេស និង​ធ្វើ​ម្ទេស​ជ្រក់ ។ ផលិតផល​ទាំងនេះ បាន​ចែកចាយ​ទៅ​អ្នក​ប្រមូល​ទិញ ៦២.៥ ភាគរយ អ្នក​លក់ដុំ ១៨.៧៥ ភាគរយ និង​ក្រៅពីនោះ​ចែកចាយ​ទៅតាម​ភោជនីយដ្ឋាន តាម​ទីផ្សារ និង​ទៅ ដល់​ដៃ​អ្នក​ប្រើប្រាស់​ចុងក្រោយ​ដោយ​ផ្ទាល់ ។​

៤- អ្នក​លក់ដុំ​
មាន​តួនាទី​ជា​អ្នកទិញ​ផលិតផល​ម្ទេស ពី​ឈ្មួញកណ្តាល ពី​អ្នក​ប្រមូល​ទិញ​ដោយ​ផ្ទាល់ ឬ​ពី​កសិករ បន្ទាប់​មក​លក់​ចែកចាយ​ផលិតផល​ទាំងនោះ ទៅគ្រប់​អតិថិជន ដែល​ទិញ​ក្នុង​លក្ខណៈ​ជា​អ្នក​បោះ​ដុំ​ខ្នាតតូច ឬ​ធំ​ផ្សេងៗ ។ ទីផ្សារ​លក់ដុំ​ផលិតផល​ម្ទេស ដែល​នាំ​ពី​អ្នក​ប្រមូល​ទិញ និង​អ្នក​កែច្នៃ ហើយ​លក់​ទៅឲ្យ​អ្នកលក់​រាយបន្ត មាន​ចំនួន ៤៨.៧១ ភាគរយ ទៅ​អ្នក​លក់ដុំ​នៅតាម​បណ្តោយ​ខេត្ត ឬ​ទីផ្សារ​ផ្សេងៗ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ២៣.០៧ ភាគរយ ក្រៅពី​នោះ​លក់​ចេញ​ទៅ​ឲ្យ​ម៉ូយ​តាម​ភោជនីយដ្ឋាន តាម​ទីផ្សារ និង​ទៅ​ដល់ដៃ​អ្នក ប្រើប្រាស់​ចុងក្រោយ​ដោយផ្ទាល់ ។​

៥- អ្នក​លក់រាយ
មាន​តួនាទី​នាំ​យក​ផលិតផល​ពី​អ្នក​លក់ដុំ ឬ​អ្នក​ប្រមូល​ទិញ ដើម្បី​ធ្វើ​ការលក់​ចែកចាយ​ដល់​ដៃ​អ្នក​ប្រើប្រាស់​នៅ​តាម​ផ្ទះ ភោជនីយដ្ឋាន ឬ​អ្នក​លក់រាយ​ដូចគ្នា ។​ប្រភព​សំខាន់​សម្រាប់​ការ​ចែកចាយ​ផលិតផល​ម្ទេស តាមរយៈ​អ្នក​លក់រាយ ត្រូវ​បញ្ជូន​ទៅ​ដល់ដៃ​អ្នកប្រើប្រាស់​ចុងក្រោយ​មាន​ចំនួន ៤៣.៣៩ ភាគរយ ។​

No comments:

Post a Comment