Thursday, March 2, 2017

មមាច​ត្នោត និង​ការ​កម្ចាត់​



១-​អ្វី​ទៅ​ជា​មមាច​ត្នោត​?​
មមាច​ត្នោត​ជា​សត្វល្អិត​ចង្រៃ​នៃ​ដំណាំ​ស្រូវ មានខ្លួន​តូច​ទំហំ​ប៉ុន​គ្រាប់​អង្ករ និង​មាន​ពណ៌​ត្នោត​នៅ​ពេល​ពេញវ័យ ។ វដ្ត​ជីវិត​របស់​មមាច​ត្នោត​មាន​រយៈពេល ៣៥​ថ្ងៃ ។ នា​ពេល​ពេញវ័យ​មមាច​ត្នោត​ញី​កាត់​ជា​មួយ​មមាច​ត្នោត​ឈ្មោល រួច​ពង​រហូត​ដល់​វា​ងាប់ ។ មមាច​ត្នោត​ញី​នីមួយៗ អាច​ពង​បាន​រហូត​ដល់ ៥០០ ពង ។ មមាច​ត្នោត​ញី​ពង​ជា​កញ្ចុំៗ ហើយ​ដែល​មួយ​កញ្ចុំៗ មាន​ពង​ពី ៧-៨ តម្រៀប​គ្នា​ដូច​ស្និតចេក នៅលើ​ស្រទប​ស្លឹក​ស្រូវ ។ បន្ទាប់​ពី​ពង​រួច​បាន​ប្រហែល​មួយអាទិត្យ កូន​មមាច​ត្នោត​នឹង​ញាស់ ។ កូន​មមាច​ត្នោត​ញាស់​ត្រូវ​ឆ្លងកាត់​ការ​សក​ចំនួន ៥ ដង ដែល​មាន​រយ​:​ពេល​ប្រមាណ​ជា ១៥ ថ្ងៃ ទើប​ក្លាយជា​មមាច​ត្នោត​ពេញវ័យ ។ ជាទូទៅ​មមាច​ត្នោត​ពេញវ័យ​មាន​ស្លាប​ខ្លី ប៉ុន្តែ​ក្នុង​ករណី​ដែល​វា​ត្រូវ​ការផ្លាស់​ទីជម្រក​ថ្មី​សម្រាប់​ចំណី និង​បន្ត​ពូជ ពេល​នោះ​ស្លាប​វា​នឹង​ដុះ​លូតលាស់​វែង​ដែល​អាច​ឲ្យ​វា​ហើរ​បន្លាស់​ទី​បាន ។​ 

២-​តើ​ការបំផ្លាញ​របស់​វា​យ៉ាងដូចម្តេច ?​
កូន​មមា​វ​ត្នោត​ទើប​ញាស់​រហូតដល់​ពេញវ័យ បំផ្លាញ​ដំណាំ​ស្រូវ​ចាប់ពី​សំណាប​ដល់​ទុំ ។ ប៉ុន្តែ​ការបំផ្លាញ​នេះ​មាន​កម្រិត​ខ្លាំងក្លា​ចំពោះ​កូន​មមាច​ត្នោត​ជិត​ពេញវ័យ និង​ពេញវ័យ ។ ការបំផ្លាញ​ដំណាំ​ស្រូវ​របស់​មមាច​ត្នោត​មាន​ពីរបែប​គឺ ទី​មួយ​ជញ្ជក់​យក​រុក្ខ​រស​ពី​ដើមស្រូវ រហូត​ដល់​ដើមស្រូវ​ខ្សោះ​ខ្លោញ​ងាប់ និង​ទី​ពីរ​គឺជា​ភ្នាក់ងារ​ចម្លងជំងឺ​វីរុស​ពី​ប្រភេទ​គឺ​ជំងឺ​តឿ​ស្មៅ និង​ជំងឺ​តឿ​រួញ​ស្លឹក ។ ជាទូទៅ​មមាច​ត្នោត​ច្រើនតែ​បំផ្លាញ​ដំណាំ​ស្រូវ​ធ្ងន់ធ្ងរ​ដោយ​ជញ្ជក់​យក​រុក្ខរ​ស​ប៉ុណ្ណោះ ។ ចំពោះ​ជំងឺ​រឿ​ស្មៅ និង​តឿ​រួញ​ស្លឹក ភាគច្រើន​កើតមាន​លើ​គុម្ព​មួយចំនួន​តូច​ក្នុង​ស្រែ​តែប៉ុណ្ណោះ ។ ក្នុងករណី​ដែល​សង្កេត​ឃើញ​មាន​គុម្ព​ស្រូវ​ដែល​កើត​ជំងឺ​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​ដក​វាគរ​ដុតចោល ដើម្បី​សម្លាប់​វីរុស និង​ទប់ស្កាត់​ការរីក​រាលដាល​ខ្លាំង​ឡើង ។​

៣-​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច​ដើម្បី​ការពារ​កុំឲ្យ​មាន​ការបំផ្លាញ​
ខ្យល់អាកាស​ក្តៅ​សើម និង​ហប់​នៅក្នុង​ស្រែ ជា​លក្ខខណ្ឌ​ប្រកប​សម្រាប់​មមាច​ត្នោត ។ ដូចនេះ​យើង​ត្រូវ​សម្អាត​ស្មៅ​ក្នុង​ស្រែ និង​តាម​ភ្លឺ​ជាប់​ជាប្រចាំ ដើម្បី​ឲ្យមាន​ខ្យល់​ចេញចូល​បាន​ល្អ ។ ត្រូវ​ថែរក្សា​កង្កែប​គ្រប់​ប្រភេទ ពីង​ពាង អណ្តើក​មាស កន្តុំ​រុយ ស្រឹង​គោក រួម​ទាំង​ត្រី​ក្នុង​ស្រែ​ឲ្យបាន​ច្រើន ព្រោះ​សត្វ​ទាំងអស់នេះ​វា​ស៊ី​ពង​មមា​ច​ត្នោត​រហូត​ដល់​មមាច​ត្នោត​ពេញវ័យ​។ ក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយ​មមាច​ត្នោត ត្រូវ​ប្រើ​ពូជស្រូវ​ដែល​ធន់​ទៅ​នឹង​មមាច​ត្នោត ។ ពូជស្រូវ​ដែល​ធន់​ទ្រាំ​មធ្យម​គឺ អ៊ី​អ៊ែរ​កេស​រ គ្រូ ជលសារ និង ខា​១២ ។ ត្រូវ​ធ្វើ​ដី​ដោយ​ភ្ជួរ​លប់​គល់​ជញ្ជ្រាំង​ឲ្យ​រលួយ​បានល្អ និង​មិន​ត្រូវ​ផ្តល់​ឲ្យ​ដំណាំ​ស្រូវ​នូវ​សារធាតុចិញ្ចឹម​អាសូត​ច្រើន​ជ្រុល​ពេក​ទេ ទោះបីជា​សារធាតុ​អាសូត​នោះ​បាន​មក​ពី​ប្រភព​ជី​ណាក៏ដោយ ព្រោះ​ដំណាំ​ស្រូវ​ដែល​មាន​សារធាតុ​អាសូត​ច្រើន​ជ្រុល​នឹង​លូតលាស់​ខុស​ប្រក្រតី​ធ្វើឲ្យ​ចាលិកា​ស្លឹក និង​ដើម​មាន​សភាព​ទន់​ជ្រុល សមប្រកប​សម្រាប់​ការចាក់​ជញ្ជក់​យក​ចំណី ព្រមទាំង​រុក្ខរ​សមាន​បរិមាណ​ជាតិ​ស្ករ និង​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជា​ហេតុ​ធ្វើឲ្យ​មមាច​ត្នោត​ពង ញាស់ និង​សក​ទៅ​ជា​មមាច​ត្នោត​បេញ​វ័​យបានច្រើន ។​

៤-​តើ​យើង​ត្រូវធ្វើ​ដូច​ម្តេច កុំឲ្យ​មាន​ការរីក​រាលដាល
ទោះជា​យ៉ាងណា​ក៏ដោយ ការចុះ​ត្រួតពិនិត្យ​ស្រែ​ជាប្រចាំ​គឺជា​ការចាំបាច់ ជាបិសេស​នៅលើ​ថ្នាល​សំណាប និង​ស្រែ​សន្ទូង ឬ​ពង្រួស​ក្នុងដំណាក់កាល​បែកគុ​ម្ព រហូត​ដល់​ដំណាក់កាល​ស្រូវ​ដាក់​គ្រាប់ ។ ការចុះ​ត្រួតពិនិត្យ ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់​មួយ​អាទិត្យ​ម្តង ប៉ុន្តែ​បើ​សង្កេតឃើញ​វត្តមាន​មមាច​ត្នោត​ហើយ​នោះ ត្រូវ​ចុះ​តាមដាន ២-៣ ថ្ងៃ​ម្តង ។​
​ថ្នាល​សំណាប​៖ បន្ទាប់​ពី​សង្កេតឃើញថា​មាន​មេ​មមាច​ត្នោត ២-៣ ជាច្រើន​កន្លែង​ក្នុង​ថ្នាលសំណាប​ហើយ បី​ថ្ងៃ​ក្រោយមក​ទៀត​ត្រូវ​ចុះ​មក​តាមដាន​បន្ត នៅពេលនោះ បើ​ឃើញ​វត្ត​មាន​កូន​មមាច​ត្នោត​តូចៗ ដែល​ទើបនឹង​ញាស់​ស្មើ ឬ​ច្រើន​ជាង ១០ ក្នុង​ផ្ទៃ​ដី​ពីរ​តឹក​បួន​ជ្រុង ជាច្រើន​កន្លែង​ហើយ ត្រូវ​ចាត់វិធានកា​រណ៍​ជា​បន្ទាន់​ទៅ​តាម​ស្ថានភាព​ជាក់សែ្តង ។ ក្នុងករណី​ដែល​មាន​ទឹក​គ្រប់គ្រាន់ ត្រូវ​បញ្ចូល​ទឹក​ពន្លិច​ដើម​សំណាប​ដោយ​ទុក​ចុង​ស្លឹក​ឲ្យបាន​រយៈពេល ៧-៨ ថ្ងៃ ដើម្បី​កុំ​ឲ្យ​កូន និង​មេ​មមាច​ត្នោត​អាច​ជញ្ជក់​យក​រុក្ខរ​សបាន ព្រមទាំង​មិន​ឲ្យ​ពងរ​បស់​វា​ញាស់​បាន ។ ក្នុង​រយៈពេល​ពន្លិចទឹក​នេះ ត្រូវ​ឧស្សាហ៍​ដើរ​គោះ​ស្លឹក​សំណាប ទម្លាក់​កូន និង​មេ​មមាច​ត្នោត​ទៅក្នុង​ទឹក​រួច​បង្ហូរ​វា​ចេញ ដោយ​ដាក់​ស្បៃ​មុង​ត្រ​ង​យក​មក​ជាន់​កម្ទេចចោល ។ ក្នុងករណី​ដែល​គ្មាន​ទឹក ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​សមស្រប​គឺជា​ការចាំបាច់ ។ ជាបឋម យើង​ត្រូវ​ប្រើ​ថ្នាំ​បា​សា (Bassa) ដើម្បី​សម្លាប់​មេ​មមាច​តោ្ន​ត ។ មួយអាទិត្យ​ក្រោយមក យើង​ត្រូវ​ប្រើ​ថ្នាំ​ប៊ូ​ទីល (Butyl=Applaud) ដើម្បី​កុំឲ្យ​កូន​មមាច​ត្នោត​វា​សកបាន ដូចនេះ​វា​នឹង​ងាប់ ។ ត្រូវ​ចង​ចាំ​ថា មិន​ត្រូវ​យក​សំណាប​ដែល​ពោ​ពេញ​ទៅដោយ​កូន​មមាច​ត្នោត​ទៅ​ស្ទូង​ឡើយ ។​
​ស្រែ​សន្ទូង ឬ​ពង្រួ​ស​៖ ការតាមដាន​ត្រូវធ្វើ​ដូច​លើ​ថ្នាលសំណាប​ដែរ នៅពេល​សង្កេត​ឃើញ​មមាច​ត្នោត និង​កូន​របស់​វា​មាន​ចំនួន​ស្មើ ឬ​ច្រើន​ជាង ១០ ក្បាល ក្នុង​មួយ​គុម្ព ឬ​ពីរ​បួន​ជ្រុង (​ពង្រួ​ស​) ហើយ​យើង​ត្រូវ​បញ្ចូល​ទឹក​ពន្លិច​ដើមស្រូវ​ទុក​តែ​ចុង​ស្លឹក ក្នុងករណី​ដែល​អាច​ធ្វើបាន ។ បន្ទាប់​ពី​បញ្ចូល​ទឹក​ហើយ ត្រូវ​ឧស្សាហ៍​ដើរ​គោះ​ស្លឹក​ស្រូវ​ទម្លាក់​កូន និង​មេ​មមាច​ត្នោត និង​បញ្ចូល​ហ្វូង​ទា (​បើ​មាន​) ឲ្យចូល​ស៊ី ។ ទន្តឹម​នឹងនោះ ត្រូវ​សម្អាត​ស្មៅ​តាម​ភ្លឺស្រែ និង​ដើរ​កៀរ​យក​មមាច​ត្នោត​ដែល​អណ្តែត​មក​ទើរ​តាម​កៀន​ភ្លឺ​មក​ជាន់​កម្ទេចចោល ។ ក្នុងករណី​ដែល​មាន​មេ​មមាច​ត្នោត​ច្រើន ត្រូវ​យក​ស្បៃ​មុង​មក​អូស​ជា​ជំនួយ ។ ក្នុងករណី​ដែល​គ្មាន​ទឹក​បញ្ចូល​ពន្លិច​ដើម យើង​ត្រូវ​បាញ់ថ្នាំ បា​សា (Bassa) ដើម្បី​សម្លាប់​មេ​មមាច​តោ្ន​ត រួច​មួយអាទិត្យ​ក្រោយមក​ត្រូវ​បាញ់​ថ្នាំ​ប៊ូ​ទីល (Butyl=Applaud) ដើម្បី​សម្លាប់​កូន​ញាស់​ដោយ​ការពារ​មិន​ឲ្យ​វា​សកបាន ។​ 

៥-​វិធានការ​កម្ចាត់​មមា​ច​ត្នោត​ក្នុងករណី​សំណាប​ផ្លេក​
សំណាប​ផ្លេក​នៃ​មមាច​ត្នោត គឺជា​ការកើនឡើង​យ៉ាង​សន្ធឹកសន្ធាប់​នៃ​ចំនួន​កូន និង​មេ​មមាច​ត្នោត​ក្នុង​រយៈពេល​ដ៏​ខ្លី ។ ក្នុងករណី​នេះ​ចំនួន​មមាច​ត្នោត​អាច​មាន​រាប់រយ​ក្បាល​ក្នុង​មួយ​គុម្ព​ស្រូវ ហើយ​វិធានការណ៍​កម្ចាត់​វា ត្រូវ​ប្រើ​វិធានការណ៍​ចម្រុះ ដោយ​រួមទាំង​ការបញ្ចូល​ទឹក​ពន្លិច​ដើមស្រូវ (​បើ​មាន) ការ​អូស​ស្បៃ​មុង និង​ការប្រើ​ថ្នាំ​បា​សា និង​ប៊ូ​ទី​ល ក្នុង​កម្រិត​ខ្ពស់​ជាង​ធម្មតា ។​
តារាង​បង្ហាញ​វិធីសាស្ត្រ​ការពារ និង​កម្ចាត់​មមាច​ត្នោត​

No comments:

Post a Comment