ជាទូទៅ
ក្នុងការដាំដុះដំណាំត្រប់ កសិករតែងតែជួបប្រទះនូវសត្វល្អិតបំផ្លាញ
ជាពិសេសដង្កូវចោះផ្លែ ។ ដូច្នេះបងប្អូនកសិករគួរតែស្វែងយល់ឲ្យច្បាស់អំពីវដ្តជីវិត
និងលក្ខណៈនៃការបំផ្លាញរបស់វា ។
ដង្កូវប្រភេទនេះ
មានឈ្មោះជាទូទៅដែលកសិករធ្លាប់ហៅថា ដង្កូវចោះផ្លែត្រប់ (Brinjal fruit borer) ។ វាស្ថិតនៅក្នុងអំបូរពីរ៉ាលីដេ
(Pyralidae) និងឈ្មោះវិទ្យាសាស្ត្រហៅថា លើស៊ីណូដេស
អ័របូណាលីស (Leucinodes orbonalis) ។
១.
ខួបជីវិត
ជាទូទៅ
មេអំបៅនៃដង្កូវចោះផ្លែត្រប់ តែងតែពងរាយមួយៗ នៅលើត្រួយក្រពុំផ្កា
និងត្របកផ្កា នៃដំណាក់កាលលូតលាស់របស់ផ្លែ ។ ក្នុងដំណាក់កាលពង មានរយៈពេលពី
២ ទៅ ៥ ថ្ងៃ ។ នៅពេលញាស់ ដង្កូវចូលចិត្តស៊ីចោះចូលទៅក្នុងបណ្តូលក្រពុំផ្កា
ឬផ្លែ។ ក្នុងដំណាក់កាលជាដង្កូវមានរយៈពេលពី ១១ ទៅ ១៣ ថ្ងៃ ។ ដង្កូវធំពេញលេញមានប្រវែងប្រហែល
១៨ លី (១៨ មីល្លីម៉ែត្រ) ហើយចេញពីផ្លែ និងក្លាយទៅជាដឹកឌឿ (រយៈពេល ៦-៨
ថ្ងៃ) ក្នុងដី ។ ជាញឹកញាប់ វាតែងរស់នៅក្នុងគំនរស្លឹក ។
២.
ស្នាមបំផ្លាញ
ដង្កូវចោះស៊ីផ្លែ
ធ្វើឲ្យផ្លែខូចខាតយ៉ាងខ្លាំង ហើយវាចោះទៅក្នុងបណ្តូល ធ្វើឲ្យដើមស្រពោនស្លោក
ហើយងាប់តែម្តង ។ សត្វនេះនឹងកើតមានកាន់តែច្រើន នៅពេលដែលយើងប្រើថ្នាំពុលគីមីសំលាប់សត្វល្អិតច្រើន
និងទៀងទាត់ ។
៣.
វិធីកំចាត់
ដើម្បីកំចាត់ដង្កូវចោះផ្លែត្រប់
យើងមានវិធានការច្រើន ដូចជា រក្សាទុកសត្វល្អិតមានប្រយោជន៍
មួយចំនួនដើម្បីកំចាត់ ។ មិនតែប៉ុណ្ណោះ ក៏មានកសិករខ្លះមានបទពិសោធន៍ក្នុងការកំចាត់ដែរ
ដូចជា ប្អូនប្រុស គិត រ៉ាវី អាយុ ១៨ ឆ្នាំ ជាកសិកររស់នៅភូមិអង្កាញ់
ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ជាទូទៅ មុនពេលលេចឡើងនៃការបំផ្លាញប្អូនសង្កេតឃើញមេអំបៅជាច្រើនទុំលើដើមត្រប់
ហើយបន្ទាប់មក ក៏ឃើញមានស្នាមបំផ្លាញ ។
នៅពេលដែលឃើញមានស្នាមដង្កូវចោះផ្លែ ប្អូនបានយកមែកឬស្សី ឬកំណាត់ឈើតូចៗប៉ុនឈើចាក់ធ្មេញមកចាក់ចំរន្ធរហូតដល់ប៉ះចំដង្កូវ
ឬចាក់បិទរន្ធ ។ ការចាក់ចំដង្កូវធ្វើឲ្យដង្កូវងាប់បើយើងចាក់បិទរន្ធធ្វើឲ្យដង្កូវថប់ដង្ហើមគ្មានខ្យល់ដក
ក៏ងាប់ដែរ ។ ប៉ុន្តែ ក្នុងករណីដែលដង្កូវចោះមែក យើងត្រូវកាត់មែកចោល
ហើយសំលាប់ដង្កូវ ។ ប៉ុន្តែកុំភ្លេចយកដីបិទកន្លែងស្នាមកាត់
ដើម្បីកុំឲ្យហូរជ័រចេញពីដើម ហើយវាងាយដុះខ្នែងថ្មី ។
ដើម្បីកំចាត់មេអំបៅកុំឲ្យវាបង្កើតពង និងញាស់ជាដង្កូវទៅទៀត
យើងត្រូវប្រើស្បៃមុង ឬកន្ត្រងសំរាប់អូសចាប់។
សរុបមក
ការយល់ដឹងអំពីខួបជីវិតរបស់វា ធ្វើឲ្យយើងអាចកំចាត់ និងទប់ស្កាត់វាបានដោយងាយ
។ ម្យ៉ាងទៀតការកំចាត់ដោយប្រើថ្នាំគីមី អាចធ្វើឲ្យដង្កូវកកើតឡើងកាន់តែច្រើន
។ ឯការកំចាត់ដោយប្រើស្បៃមុង ឬមងអូសមេអំបៅបំផ្លាញចោលដើម្បីកុំឲ្យវាបន្តពូជពង្សតទៅទៀត
ជាការមួយសំខាន់បំផុតក្នុងការទប់ទល់ស្កាត់ការបំផ្លាញ ។ ការកំចាត់ដោយយកឈើចាក់រន្ធ
ឬបិទរន្ធក៏ជាវិធីមួយសាមញ្ញក្នុងការកំចាត់ដង្កូវចោះផ្លែត្រប់បានយ៉ាងល្អដែរ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment