លោកពូ
ស៊ៀន វិបុល រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
គាត់មានបទពិសោធន៍ក្នុងការដាំដំណាំស្វាយចន្ទី ទទួលបានផលល្អដែលបទពិសោធន៍នេះ
គាត់បានអនុវត្តអស់រយៈពេល ៦ឆ្នាំ កនលងមកហើយ។ ដំណាំស្វាយចន្ទីនេះធ្វើឲ្យគាត់អាចរកប្រាក់ចំណូលបានប្រមាណពី
៥ ទៅ ៦លានរៀលក្នុង ១ឆ្នាំ ។ ចំពោះបច្ចេកទេស ដែលគាត់បានអនុវត្តមានដូចខាងក្រោម :
១. ការដាំ និងការរៀបចំរណ្តៅដាំ
ក្នុងការដាំស្វាយចន្ទីនេះ
គាត់បានដាំនៅលើដីព្រៃ ។ ក្រោយពីរានរួច គាត់បានកាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង
និងជំរៅ ១ម៉ែត្រ ។ នៅក្នុងរណ្តៅគាត់បានដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ
(ដីស្រទាប់លើ) ។ គាត់បានជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ
៩ម៉ែត្រ ។ ក្រោយពីជីករណ្តៅហើយ គាត់បានយកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង
។
២. ការថែទាំ
ក្រោយពីដាក់គ្រាប់ដាំហើយគាត់បានធ្វើការស្រោចទឹករហូតដល់ដុះ
។ គាត់បន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាគាត់ឃើញគល់ដំណាំស្វាយចន្ទីជិតស្ងួតទឹក គាត់បូមទឹកស្រោចនៅគល់ឲ្យជោគធ្វើបែបនេះនៅរាល់
២ ទៅ ៣សប្តាហ៍ម្តង ។ នៅដំណាក់កាលដំណាំអាយុចាប់ពី ១ឆ្នាំ ឡើងគាត់ធ្វើជីកំប៉ុស្តទឹក និងប្រើជីប៉ូវផ្សំពីរុក្ខជាតិ
ដើម្បីជួយជំរុញដល់ការលូតលាស់របស់កូនស្វាយចន្ទីបន្ថែម ។
ប្រភេទជីដែលគាត់ផ្សំមានដូចខាងក្រោម:
- របៀបផ្សំជីកំប៉ុស្ត៍ទឹក
ធាតុផ្សំជីកំប៉ុស្តទឹក:
ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។
របៀបធ្វើ: ចិញ្ច្រាំស្លឹកឈើស្រស់ឲ្យល្អិតរួចយកទៅដាក់នៅក្នុងពាង
និងចាក់ទឹកពីលើ ។ រក្សាទុករហូតដល់រយៈពេល ២០ ទៅ ៣០ថ្ងៃ
ទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន ។
របៀបប្រើ : គឺយកទឹកជី១ លីត្រលាយជាមួយទឹកធម្មតា
២៥ ទៅ ៣០ លីត្រ ស្រោចទៅលើគល់ស្វាយចន្ទី ។
- របៀបផ្សំជីជំនួយផ្លែ
ធាតុផ្សំ :
ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី ៣មុខឡើងទៅចំនួន ៣គីឡូក្រាម និងទឹកស្កររងូ
១គីឡូក្រាម ។
របៀបផ្សំ : យកផ្លែឈើទុំហាន់ឲ្យល្អិតៗ ។
យកធាតុផ្សំទៅច្របល់ឲ្យសព្វ រួចយកទៅដាក់នៅក្នុងកែវគ្របឲ្យជិតរក្សាទុករយៈពេលពី
១៥ថ្ថៃឡើងទៅអាចយកទៅប្រើបាន ។
របៀបប្រើ : យកទឹកថ្នាំ ១ស្លាបព្រាបាយលាយទឹកចំនួន
១០លីត្រ ឬទឹកជី ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន ២០០លីត្រ ។
- ថ្នាំពុលធម្មជាតិសំលាប់សត្វកណ្តៀរ
ធាតុផ្សំ : ម្ទេស ១ក្តាប់ដៃ
ស្ករត្នោតរងូ ១លីត ទឹកខ្មេះ ១លីត្រ ស្រាស ១លីត្រ ។
របៀបធ្វើ : យកម្ទេសទៅបុកឲ្យម៉ដ្ឋ លាយស្ករត្នោត
ចាក់ទឹកចូល និងលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី
(ក្នុងការផ្សំត្រូវប្រើស្រោមដៃ ដើម្បីជៀសវាងជាតិម្ទេសជាប់ដៃក្រហាយ) ។
ក្រៅពីប្រើថ្នាំធម្មជាតិ គាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទី ដើម្បីបណ្តេញកណ្តៀរ
។
៣. លទ្ធផលទទួលបាន
ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅអាយុចាប់ពី
១ឆ្នាំឡើងទៅ គ្រាន់តែបានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះផ្លែដែលពេញល្អ
គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើមគាត់អាចប្រមូលផលបាន ២,៥តោន (២៥០០គីឡូក្រាម) ឬប្រហែល ២-៣
គីឡូក្រាម ក្នុង ១ដើម ។ ដោយក្នុង ១គីឡូកាមលក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ)
។
៤. ការជ្រើសរើសពូជដាំបន
- ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម
- យកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត
- រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង ។ ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។
៥. ចំណាប់អារម្មណ៍
ចំពោះការដាំដំណាំស្វាយចន្ទីនេះ
គាត់មានចំណាប់អារម្មណ៍ថា វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ ។ ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង
១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។ ដូចនេះគាត់យល់ឃើញថា ដំណាំនេះជាដំណាំដែលទទួលបានប្រាក់ចំណូល
ប្រចាំឆ្នាំ ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីមាន
- ជីករណ្តៅដាំធំៗ ដើម្បីដាក់ជីធម្មជាតិនៅបាតរណ្តៅឲ្យបានច្រើន
- ដាំដោយទុកចន្លោះគុម្ពឲ្យបានធំ
- ថែទាំស្រោចទឹក លះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់
- ការពារកណ្តៀរស៊ីគល់ ដោយប្រើថ្នាំធម្មជាតិ និងប្រើអំបិល ។
ពាន សុខា ស៊ិន អង្គារសាធ និងចាន់ សាវ៉ុន
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
No comments:
Post a Comment