កសិករមួយចំនួនបានខំប្រឹងប្រែងដាំដំណាំបានផលច្រើន
លុះដល់រដូវប្រមូលផលមានផលិតផលចាល់ច្រើន គ្មានទីផ្សារមិនអាចលក់អស់ភ្លាមៗបាន
ត្រូវចាក់ចោល ឬរលួយខូចអស់ ។ ប៉ុន្តែក៏មានកសិករខ្លះចេះពីរបៀបថែរក្សាទុកផលិតផលឲ្យបានយូរសំរាប់លក់នៅពេលរដូវបានថ្លៃ (មានទីផ្សារ) ដែរ ។
ដូចជាលោកពូ ផុន ប៊ុណ្ណា រស់នៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង
ខេត្តកណ្តាល ។ក្រោយពីគាត់ដាំត្រាវបានទទួលផលច្រើនមក គាត់មិនទាន់លក់ភ្លាមទេ គាត់រក្សាទុករយៈពេលជិត
២ ខែ ទំរាំត្រាវឡើងថ្លៃ (រដូវភ្ជុំបិណ្ឌ) ។
នៅពេលប្រមូលផល លោកពូបានគាស់មើមត្រាវដោយប្រុងប្រយ័ត្នមិនឲ្យដាច់មើមត្រាវតូចៗ
ដែលនៅជាប់មើមធំទេ ប៉ុន្តែបើគាស់មកមានដាច់មើម គាត់យកកំបោរមកលាបត្រង់កន្លែងមុខរបួស
។ បន្ទាប់មក ក្រោយពីប្រមូលផលបានហើយ គាត់ដឹកយកទៅផ្ទះរក្សាទុកក្រោមដើមឈើ
ដោយដាក់ជាគំនរ ហើយជីកដីកប់ពីលើតិចៗ រួចស្រោចទឹកឲ្យសើមតិចៗ
ជារៀងរាល់ថ្ងៃតែបើ ខែភ្លៀងមិនចាំបាច់ស្រោចទឹកទេ ហើយក៏មិនចាំបាច់គ្របវាដែរ
គឺទុកចោលហាលភ្លៀងធម្មតា ។ ការរក្សាទុកតាមរបៀបនេះ បានរហូតដល់រយៈពេលពី
១ទៅ២ ខែ ។ តាមបទពិសោធន៍នៃការថែរក្សាទុករបស់គាត់កន្លងមកបានឲ្យដឹងថា :
- មើមត្រាវដែលយើងជីកមកដាច់ យើងត្រូវលាបកំបោរកន្លែងមុខដាច់ឲ្យក្រាស់ បើពុំនោះទេរក្សាទុកមិនបានយូរឡើយ ត្រូវរលួយ
- បើយើងរក្សាទុកមើមត្រាវនៅក្រោមផ្ទះធម្មតា ក៏មិនបានយូរដែរ គឺទុកបានតែរយៈពេលមួយអាទិត្យប៉ុណ្ណោះ មើមត្រាវត្រូវរលួយ ។ បើរក្សាទុកតាមរបៀបខាងលើ អាចទុកបានរហូតដល់ ២ ខែ ហើយមើមត្រាវនៅមានពណ៌សម្បុរ និងគុណភាពដដែល ប៉ុន្តែចំពោះទំងន់អាចស្រកខ្លះៗ ។ លោកពូបានមានប្រសាសន៍បន្ថែមទៀតថា ត្រាវរបស់គាត់នៅពេលប្រមូលផលភ្លាមៗ មានទំងន់ ១ តោន មើមស្រស់រក្សាទុក រយៈពេលមួយខែកន្លះស្រកទំងន់អស់ ៣០ ទៅ ៤០ គីឡូក្រាមប៉ុណ្ណោះ ។ តែគាត់អាចលក់បានតំលៃ ២០០០៛ ក្នុងមួយគីឡូក្រាម បើគាស់ភ្លាមគឺបានតំលៃត្រឹម ៥០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។
សរុបមក
បច្ចេកទេសថែរក្សាទុកមើមត្រាវឲ្យបានយូរគឺ :
- ប្រុងប្រយ័ត្ននៅពេលគាស់កុំឲ្យដាច់មើមតូចៗ ដែលនៅជាប់មើមធំ និងកុំឲ្យមើមត្រាវមានរបួសដោយប៉ះមុខចប
- បើមានមើមដាច់ ឬមានរបួស ត្រូវយកកំបោរមកលាបមុខដែលដាច់ឲ្យក្រាស
- ត្រូវរក្សាទុកមើមក្រោមដើមឈើ ដោយជីកដីកប់ពីលើសើរៗ ហើយស្រោចទឹកឲ្យសើមតិចៗ ជារៀងរាល់ថ្ងៃ នៅរដូវប្រាំង នៅរដូវវស្សាមិនបាច់ស្រោចទឹកទេ ។
ដូច្នេះ បើបងប្អូនកសិករចង់រក្សាទុកមើមត្រាវឲ្យបានយូរ
សូមសាកល្បងនូវបទពិសោធន៍ខាងលើនេះ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment