នៅប្រទេសកម្ពុជាយើង
ស្វាយមានច្រើនយ៉ាង តែក្នុងចំណោមនោះមានតែស្វាយកែវចិនមួយប៉ុណ្ណោះ
ដែលត្រូវបានគេឱ្យតម្លៃ ច្រើនជាងស្វាយដទៃ នោះក៏ព្រោះតែរសជាតិដ៏ផ្អែមឆ្ងាញ់ក្លិនក្រអូបប្រហើររបស់វា
និងជាស្វាយដែលគ្មានសរសៃសាច់ដូចស្វាយដទៃ ។
ក្រៅពីស្វាយកែវចិន យើងនៅមានស្វាយមួយប្រភេទទៀត ដែលទទួលបានការនិយមច្រើនផងដែរនោះគឺស្វាយកែវរមៀត។
វាជាស្វាយដែលគេដាំច្រើនបំផុតនៅក្នុងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ ចំនួនស្វាយកែវរមៀតនេះ
អាចមានចំនួនច្រើនជាងស្វាយដទៃឯទៀតច្រើនដង តែយើងមិនមានតួលេខរបស់វាច្បាស់លាស់ឡើយថា
មានចំនួនប៉ុន្មាន ។ កាលពីប៉ុន្មានឆ្នាំមុននេះ ស្វាយកែវរមៀត ហាក់ដូចជាទទួលបានការនិយមចូលចិត្ដច្រើនទាំងនៅតាមទីជនបទ
និងនៅទីក្រុងភ្នំពេញ, តែសព្វថ្ងៃនេះ វាហាក់ដូចជាមិនសូវទទួលបានការនិយមច្រើនដូចពេលមុនឡើយ
ការនិយមចូលចិត្ដស្វាយនេះហាក់ដូចជាថយច្រើន ឯមូលហេតុដែលបាត់បង់ការនិយមនេះ
អាចមកពីកត្ដាច្រើនយ៉ាង ដោយរាប់ទាំងអ្នកចូលចិត្ដស្វាយនេះ
បានដាំវាដោយខ្លួនឯងតាមផ្ទះ និងដីក្បែរខាងចំនួនស្វាយមិនសូវសម្បូរណ៍ដូចកាលពីពេលមុន
មនុស្សមិនសូវចាយច្រើនដូចមុន មានផ្លែឈើផ្សេងៗទៀតច្រើនមុខមកជំនួសផ្លែស្វាយ
។
ដោយឡែកតែស្វាយកែវចិន
ដែលនៅតែទទួលបានការនិយមដដែល មិនថយឡើយ មិនតែប៉ុណ្ណោះវាជាស្វាយដែលមានតម្លៃថ្លៃជាងស្វាយដទៃច្រើនដង
។ នៅដើមរដូវស្វាយ ពេលដែលស្វាយមិនសូវសម្បូរណ៍ គេអាចលក់វាបានរហូតដល់បីម៉ឺនទៅប្រាំម៉ឺនរៀលក្នុងចំនួន១២ផ្លែ
(រាប់ថាដប់) ក្នុងរដូវដែលសម្បូរណ៍ច្រើន តម្លៃរបស់វានៅសល់ត្រឹមប្រហែលមួយម៉ឺនប្រាំពាន់ទៅពីរម៉ឺនរៀលដែរក្នុង១២ផ្លែ
។
ស្វាយកែវចិននេះងាយស្រួលដាំ ដើមរបស់វាមិនធំពេកទេ អាចដាំបានដោយមិនសូវរើសដីពេកតែដីដែលអាចដាំបានល្អ
គឺប្រភេទដីកណ្ដេង ដីល្បាយខ្សាច់ និងដីមានលាយកំទេចថ្ម ។
- ដីដាំស្វាយបានល្អ ត្រូវមានរយៈកំពស់ពីផ្ទៃទឹកសមុទ្រចំនួនបួនរយម៉ែត្រ, ផ្ទៃដីដែលមានកំពស់ខ្ពស់ជាងនេះ ធ្វើឱ្យផ្លែវាពន្យាពេលធំធាត់ ។
- មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ រដូវប្រាំងដែលរាំងស្ងួតត្រឹមតែពីរទៅបីខែ ក្រៅពីនោះត្រូវស្រោចទឹកបន្ថែម
- ត្រូវមានទឹកផ្ដល់ឱ្យវាយ៉ាងហោចណាស់បានចំនួន ៥០មីល្លីម៉ែត្រក្នុងពេលវាចេញផ្កា និងក្ដឹបរហូតដល់ផ្លែវាធំអាចបេះបាន ។
- ត្រូវមានទឹកភ្លៀងមិនច្រើនជាង២០០មីល្លីម៉ែត្រ ឬស្រោចទឹកឱ្យបានចំនួន១៥ដងក្នុងមួយខែ នៅពេលវាចេញផ្កា ។
- ត្រូវមានសំណើមចំនួនប្រហែល៨០ភាគរយក្នុងបរិយាកាស យើងអាចធ្វើដូច្នេះបាន ដោយ បាញ់សាចទឹក ពីលើខ្យល់ឱ្យបានខ្ពស់ ដើម្បីបង្កើតសំណើម ឬអាចជីកជាកូនស្រះ ឱ្យបានច្រើនកន្លែងឬជាអូរតូចៗតាមបណ្ដោយជួរស្វាយដែលបានដាំនោះ ។
- ដីដាំគួរមានសំណើមជានិច្ច យើងអាចថែរក្សាសំណើមវាបានដោយ ការគ្របគល់វាជាមួយស្លឹកឈើងាប់ៗ កំទេចកំទីឈើ ដីជីកំប៉ុស្ដិ៍ ទៅតាមលទ្ធភាពដែលយើងអាចរកបាន ។
- មានកំដៅ និងពន្លឺព្រះអាទិត្យច្រើនគ្រប់គ្រាន់ មិនមានខ្យល់ខ្លាំងបក់ប៉ះត្រូវវាច្រើនពេក ដីដែលអាចដាំស្វាយបានល្អត្រូវមានកំរិត ប៉េហាស់របស់វាចំនួន ៥ ទៅ ៥.៨ ។ យើងអាចដាំវាដោយប្រើចន្លោះពីដើមួយទៅដើមមួយចំនួន១០ ទៅ ១៥ម៉ែត្រ ក្នុងមួយហិកតា អាចដាំបានប្រលោះជា ១០០ ទៅ ១២០ដើម ។ រណ្ដៅរបស់វាត្រូវមានទំហំ៥០សង់ទីម៉ែត្របួនជ្រុង ជម្រៅ៥០សង់ទីម៉ែត្រ ក្រាលបាតជាមួយជីលាមកសត្វពុកផុយលាយជាមួយស្លឹកឈើស្រស់ ឬងាប់ កម្រាស់ចំនួន២០សង់ទីម៉ែត្រ ប្រើស្រកីដូងត្រាំទឹកឱ្យជោកដាក់ព័ទ្ធជុំវិញក្នុងរណ្ដៅ ច្របល់កន្ទក់ ឬអង្កាមលាយជាមួយផេះអង្កាម រោយពីលើ ដាក់កូនស្វាយដាំ ច្របល់អង្កាម ផេះអង្កាមដីចូលគ្នាសម្រាប់លុបវា ត្រូវលៃទុកប្រហែលបួនធ្នាប់ឱ្យនៅសល់ពីមាត់រណ្ដៅដើម្បីទុកដាក់ស្លឹកឈើត្រាំទឹកឱ្យរលួយគ្របពីលើ ។
វិធីដាំបែបខាងលើនេះ និងជួយរក្សាសំណើមដីឱ្យនៅបានយូរដើម្បីកុំឲ្យឫសកូនស្វាយនោះក្រិននិងជួយបង្កើនសន្ទុះលូតលាស់របស់វា
មួយវិញទៀតនោះ វាអាចជួយការពារកុំឱ្យដង្កូវឌួងបំផ្លាញវាពេលនៅតូច ។ បន្ទាប់ពីដាំបានចំនួនបីខែ
ប្រើជី ១៥ ១៥ ១៥ លាយជាមួយដីនិងស្លឹកឈើពុកៗ ដាក់គ្របគល់វា
ដោយប្រើជីចំនួន១០០ក្រាម ។
ស្វាយកែវចិន បើសិនជាមានការថែទាំបានល្អ វាអាចចេញផ្លែនៅពេលវាមានអាយុបានចំនួន៥ឆ្នាំ
។ ឆ្នាំដំបូងៗវាមានផ្លែមិនសូវច្រើនទេ តែចាប់ពីផ្លែឆ្នាំទីបីទៅ វានឹងមានផ្លែចំនួនច្រើនជាង១០០ផ្លែក្នុងមួយដើម
ចំនួនផ្លែនឹងកើនឡើង បើយើងបានកាត់មែកឱ្យវាលាស់ត្រួយថ្មីៗ ។ នៅរដូវវស្សា
សូមកាត់កូនឈើតូចៗ ដូចជាទន្ទ្រាំងខែត្រ ស្មៅកំប្លោក លាយជាមួយលាមកសត្វដាក់គរជាពំនូកៗ
ក្រោមដើមស្វាយ ក្បែរគល់របស់វា ព្យាយាមធ្វើបែបនេះ ឱ្យបានជារៀងរាល់ឆ្នាំ
នោះដើមស្វាយនឹងមានដងដុះល្អណាស់ ។
បើពិនិត្យឃើញមានសំបុកអង្ក្រង មិនត្រូវទុកវាឡើយត្រូវប្រញាប់កាត់មែកនោះចេញ
ព្រោះអង្ក្រងអាចធ្វើឱ្យដើមស្វាយអន់ការ លូតលាស់ និងឈានទៅងាប់ដើមបាន ។ មួយវិញទៀតនោះវាជាអ្នកបំផ្លាញផ្កាស្វាយផងដែរ
។ បើមានសត្វឃ្មុំមកធ្វើសំបុកនៅក្នុងដីចំការ សូមកុំយក ទុកឱ្យវានៅទីនោះចុះ
ព្រោះវាជាសត្វមានប្រយោជន៍យ៉ាងល្អដល់ការបង្កាត់ផ្កាស្វាយឱ្យកើតជាផ្លែបានច្រើន
។
វិធីដែលល្អជាងគេនោះ គឺព្យាយាមដាំផ្កាឱ្យបានច្រើននៅក្នុងដីចំការដើម្បីទាក់ទាញឃ្មុំឱ្យចូលមកដីចំការយើង
បើអាចប្រើវិធីចិញ្ចឹមវាបាន នោះកាន់តែប្រសើរ ។
នៅក្នុងតំបន់ខ្លះ
គេបានបង្កើតវិធីរុំផ្លែស្វាយ ដើម្បីការពារវាពីសត្វរុយដែលពងដាក់
ពេលផ្លែនៅតូច រួចចោះស៊ីសាច់ស្វាយពេលស្វាយនោះធំ ព្រមទាំងបង្កើនចំនួនរុយនោះឱ្យកាន់តែច្រើនឡើងថែមទៀតបើយើងមានពេលវេលាគ្រប់គ្រាន់
និងអាចធ្វើឱ្យដើមស្វាយនោះមានកំពស់ទាប យើងគួរតែអនុវត្ដន៍វិធីនេះដែរ ដើម្បីបង្កើនចំនួនផ្លែស្វាយ
ព្រោះបើយើងបណ្ដោយឱ្យសត្វរុយវាយាយីបាន ចំនួនផ្លែស្វាយយើងក៏ថយចុះច្រើន
វានឹងជាការខាតបង់មួយយ៉ាងធំសម្រាប់យើង ។ ក្រដាសកាសែត ស្បៃមុង
ក្រណាត់ចាស់ៗអាចប្រើការបានទាំងអស់ តែការប្រើថង់ប្លាស្ទីកមិនសូវមានប្រសិទ្ធភាពទេ
ព្រោះវាអាចធ្វើឱ្យក្ដឹបនោះជ្រុះរោយមិនកាន់ផ្លែបាន ។
ស្វាយ ដែលអាចដាំ និងរកចំណូលបានល្អគួរសមដែរនោះ គឺស្វាយខ្ទិះ អាចរកពូជបាននៅខាងកៀនស្វាយ
វាអាចត្រឹមលក់ជាផ្លែខ្ចីៗ តែមិនអាចលក់ជាស្វាយទុំបានឡើយ
ព្រោះផ្លែខ្ចីក៏មានរសជាតិផ្អែម ពិសេសសម្រាប់អ្នកចូលចិត្ដបរិភោគផ្លែខ្ចីៗ
(ស្រគាល) ស្វាយនេះបើដាំបានច្រើនក៏ល្អគួសមដែរ
ព្រោះយើងអាចរកចំណូលបានច្រើនគួរសម វាជាប្រភេទស្វាយទទួលបានការនិយមទីបីបន្ទាប់ពីស្វាយកែវចិន
និង ស្វាយកែវរមៀត៕
(ដកស្រង់ចេញពី
ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment