លោកពូ
ចំណាន មានអាយុ ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិកាចាប់ជើង ឃុំព្រែកតាមាក់
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់គ្រួសារគាត់
ពឹងផ្អែកទាំងស្រុងទៅលើការធ្វើស្រែ ។ ក្រោយមកឪពុករបស់គាត់បានផ្តល់នូវបចេ្ចកទេស
ក្នុងការដាំបន្លែឲ្យគាត់ដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពក្នុងគ្រួសារ ។ បន្ទាប់មកគាត់ក៏បានដាំបន្លែជាច្រើនមុខ
ដូចជាស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ សាលាដ ត្រសក់ជាដើម ។ ក្រោយៗមក គាត់បានធ្វើការកែច្នៃនូវបច្ចេកទេសខ្លះៗដើម្បីឲ្យការដាំរបស់គាត់
កាន់តែមានលក្ខណៈល្អប្រសើរឡើង ។ ក្នុងចំណោមបន្លែទាំងអស់ដែលគាត់បានដាំ ខ្ញុំបានសង្កេតឃើញថា
ដំណាំសាលាដរបស់គាត់មានលក្ខណៈប្រសើរជាងគេ ហើយគាត់ដាំបានច្រើនជាងដំណាំផ្សេងទៀត
។ ដូច្នេះ ខ្ញុំសូមលើកយកបទពិសោធន៍ ក្នុងការដាំសាលាដ មកបង្ហាញជូន
ដែលមានខ្លឹមសារដូចខាងក្រោម :
១-ការត្រៀមពូជសាប និងការសាបគ្រាប់
គាត់ដាំសាលាដគ្រប់រដូវ
ពេញមួយឆ្នាំ ដោយសារគាត់មានប្រភពទឹកស្រោចស្រព និងដាំនៅលើដីទួល ។
គាត់បានជ្រើសរើសពូជ ដោយទិញពីផ្សារ ។ ក្នុងការត្រៀមពូជសាប
គាត់បានយកគ្រាប់ទៅខ្ចប់ក្រណាត់ ដែលងាយជក់ទឹក ហើយត្រាំទុក ១យប់
ដើម្បីគ្រាប់ស្រូបយកទឹកឆាប់ដុះពន្លក ។ នៅលើរងសាប គាត់បានរៀបចំដោយដាក់ជីកំប៉ុស្តទ្រាប់បាត
។ ក្រោយពីសាបគ្រាប់ហើយ គាត់កាប់ចិញ្ច្រាំកំទេចចំបើងគ្របពីលើ
ការពារការខ្ទាតគ្រាប់នៅពេលស្រោចទឹក និងជួយថែរក្សាសំណើម ។
ចំពោះការថែទាំក្នុងពេលសាបគាត់បានស្រោចទឹក ១ថ្ងៃ ២ដងនៅរដូវប្រាំង
និងដករំលោះកូនចេញខ្លះនៅកន្លែង ដែលដុះញឹកពេក ។គាត់រក្សាទុកដើមដែលថ្លោសល្អសំរាប់យកទៅស្ទូងលើរង
។ ក្រោយពីសាបគ្រាប់បានរយៈពេល ពី ១០-១៥ថ្ងៃ គាត់បានដកកូនសាលាដយកទៅដាំនៅលើរង
។
២-ការរៀបចំដី
លោកពូបានរៀបចំរងដាំសាលាដ
ដោយភ្ជួរហាលដីរយៈពេល ១៥ថ្ងៃ បន្ទាប់មកភ្ជួរត្រឡប់ដីរួចរាស់ឲ្យរាបស្មើ
ទើបលើកជារង ដែលមានទទឹង ១,២ ម៉ែត្របណ្តោយ ២០ម៉ែត្រ និងកំពស់១,៥តឹក
។នៅលើរងនីមួយៗ គាត់បានដាក់ជីលាមកគោពុកផុយចំនួន ២៥បង្គី បន្ទាប់មកគាត់ជ្រុំដីបញ្ចូលទៅក្នុងដីឲ្យសព្វ
រួចទុករយៈពេល ៣ថ្ងៃទើបដកកូនមកដាំ ។
៣-ការដាំនិងថែទាំ
នៅពេលដាំ
គាត់បានដកកូនសាលាដ ដែលមានសុខភាពល្អ ថ្លោសៗ យកទៅស្ទូង ។គាត់ស្ទូងដោយទុកចន្លោះពីគុម្ពមួយទៅមួយ
១,៥តឹក ។ ក្រោយពីស្ទូងកូនហើយ គាត់កាត់ចំបើងគ្រប
រួចស្រោចទឹកមួយថ្ងៃ ២ដង ។ គាត់ឧស្សាហ៍ជ្រុំជ្រោយដកស្មៅ និងស្រោចទឹកជី
(ជីផ្សំពីទឹកនោមមនុស្ស និងសត្វ ) ។ ការស្រោចជីបំប៉ននេះធ្វើនៅពេលសាលាដអាយុបាន
១២ថ្ងៃ ហើយស្រោចក្នុងរយៈពេល ១អាទិត្យម្តង ។ ក្រៅពីធ្វើស្មៅ និងដាក់ជី គាត់បានពិនិត្យទៅលើការបំផ្លាញរបស់សត្វល្អិត
ប៉ុន្តែគាត់សង្កេតឃើញថា ដំណាំសាលាដពុំមានសត្វល្អិតបំផ្លាញទេ
ព្រោះស្លឹករបស់សាលាដរលោង និងមានជាតិជ័រ ហើយម្យ៉ាងទៀតគាត់បានស្រោចទឹកនោមធ្វើឲ្យធុំក្លិនដល់សត្វល្អិតមិនហ៊ានមកជិត
។
៤-ការប្រមូលផល
លោកពូចាប់ប្រមូលនៅពេលសាលាដមានអាយុ
៣៥ថ្ងៃ ក្រោយពីដាំ ។ គាត់ផ្អាកស្រោចទឹក ១ថ្ងៃ មុនប្រមូលផល ។
នៅពេលប្រមូលផលគាត់ប្រើចបចក់ (ចបតូចមុខស្តើង)ដកផ្តាច់ឫសពី ២-៣ផឹង ពីគល់ការប្រមូលផលធ្វើនៅពេលព្រឹកព្រលឹម
។ នៅលើផ្ទៃដីទំហំ ២០០ម៉ែត្រការេ គាត់ទទួលបានប្រាក់ ១១២.៥០០រៀល ។
ក្រោយពីប្រមូលផលរួចគាត់បានធ្វើការសំអាតលាងទឹក (លាងគល់ដែលប្រឡាក់ដី) ការលាងទឹកទាំងស្លឹកធ្វើឲ្យសាលាដឆាប់រលួយ ។ ក្រោយពីសំអាតរួចគាត់បានរៀបចំដាក់ក្នុងកញ្ឆេ (កញ្ឆេមានទ្រាប់ស្លឹកចេញ ឬស្លឹកឈូក ) ដោយត្រៀមជាជួររក្សាឲ្យមានចន្លោះខ្យល់ចេញចូលល្អ ដើម្បីជៀសវាងការឆាប់រលួយ ។
ក្រោយពីប្រមូលផលរួចគាត់បានធ្វើការសំអាតលាងទឹក (លាងគល់ដែលប្រឡាក់ដី) ការលាងទឹកទាំងស្លឹកធ្វើឲ្យសាលាដឆាប់រលួយ ។ ក្រោយពីសំអាតរួចគាត់បានរៀបចំដាក់ក្នុងកញ្ឆេ (កញ្ឆេមានទ្រាប់ស្លឹកចេញ ឬស្លឹកឈូក ) ដោយត្រៀមជាជួររក្សាឲ្យមានចន្លោះខ្យល់ចេញចូលល្អ ដើម្បីជៀសវាងការឆាប់រលួយ ។
៥-ចំណាប់អារម្មណ៍របស់កសិករ
ក្នុងការដាំសាលាដនេះ
លោកពូមានចំណាប់អារម្មណ៍ថាសាលាដត្រូវការថែទាំ ដកស្មៅច្រើនហើយម្យ៉ាងទៀតការស្រោចទឹកជី
(ទឹកនោមគោលាយទឹក) ធ្វើឲ្យសាលាដលូតលាស់ល្អ ។
ប៉ុន្តែក្រោយពីស្រោចទឹកជីហើយ ត្រូវស្រោចទឹកលាងស្លឹកចេញ ដើម្បីការពារការស្រពោនស្លឹកនៅពេលត្រូវកំដៅថ្ងៃ
។ យកល្អគួរស្រោចនៅពេលល្ងាចត្រជាក់ទុក ១យប់
ទើបស្រោចទឹកនៅពេលព្រឹកព្រលឹម។ ការដាំសាលាដឆាប់ទទួលបានផល និងមានតម្លៃថ្លៃពិសេសនៅរដូវវស្សាដែលមិនសូវមានអ្នកដាំ។
សរុបបចេ្ចកទេសសំខាន់ៗ
ក្នុងការដាំសាលាដមាន :
- ត្រៀមគ្រាប់ដាំដោយយកគ្រាប់ខ្ចប់ក្រណាត់រួចដាក់ត្រាំទឹក ១យប់ឲ្យគ្រាប់ឆាប់ដុះពន្លក
- ថែទាំស្រោចទឹកសាលាដនៅលើថ្នាលសាប
- ដករំលោះដើមតូចៗចោល ទុកដើមធំថ្លោសៗ នៅលើថ្នាលសំរាប់ដាំ
- រៀបចំរងដាំដោយដាក់ជីលាមកគោពុកផុយទ្រាប់បាតរង
- ស្ទូវកូនសាលាដលើរងចន្លោះពីដើមមួយទៅដើមមួយ ១.៥តឹក
- ថែទាំស្រោចទឹក ដកស្មៅ និងកាត់ចំបើងខ្លីៗគ្របលើរង៕
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
No comments:
Post a Comment