លោកពូ តិច គាង អាយុ ៤៥ ឆ្នាំ រស់នៅភូមិព្រែកអ៊ុងប៉ាង
ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ គាត់មានបទពិសោធន៍ដាំខ្ទឹមសបានផលល្អ
ទិន្នផលខ្ពស់ ។ បទពិសោធន៍នេះ គាត់ចេះតៗគ្នា ពីកសិករដែលធ្វើការដាំដុះនៅក្នុងតំបន់របស់គាត់
។ នៅលើផ្ទៃដីទំហំ ៧ អារ គាត់ទទួលបានទិន្នផល ៥៦០ គីឡូក្រាម
ហើយលក់បានក្នុងតំលៃ ២៥០០ រៀល ក្នុង ១ គីឡូក្រាម
បើទូទាត់លើការចំណាយគាត់ទទួលបានប្រាក់ចំណេញ ៥៩២ ០០០ រៀល ក្នុងរយៈពេល ៤៥ ថ្ងៃ
ឬប្រហែល ១៣ ០០០ រៀល ក្នុង ១ ថ្ងៃ ។
១.ការត្រៀមពូជដាំ
ពូជខ្ទឹមដែលដាំបានមកពីការទិញនៅទីរួមខេត្តបាត់ដំបង ។
នៅលើផ្ទៃដីទំហំ ៧ អារ គាត់ដាំពូជអស់ចំនួន ១៧គីឡូក្រាម ។ មុនដាំ គាត់បានយកខ្ទឹមទៅហាលថ្ងៃរយៈពេល
១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ ។
២.ការរៀបចំដីដាំនិងការដាំ
ក្នុងការធ្វើដី
លោកពូមានបទពិសោធន៍ថាត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ
ទើបទទួលបានផលខ្ពស់ ។ បន្ទាប់មក គាត់កាប់លើកជារងដែលមានទទឹង ១ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី
និងកំពស់ ២,៥ តឹក ។ នៅលើរងនិមួយៗ
គាត់បានដាក់ជីលាមកសត្វពុកផុយទ្រាប់បាត ។ គាត់បានយកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់
រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ
៣.ការថែទាំ
ក្រោយពីដាំហើយ គាត់ស្រោចទឹកឲ្យជោគ នៅពេលខ្ទឹមដុះ គាត់កាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព
។ គាត់ថែទាំស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច) ។ ក្រៅពីការស្រោចទឹក
គាត់បានជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ ។ ក្នុងការដាំខ្ទឹមនេះ គាត់ពុំបានជួបប្រទះសត្វល្អិតបំផ្លាញទេ
ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត ។
ចំពោះដី គាត់ដាក់តែមួយដងប៉ុណ្ណោះ ប៉ុន្តែដាក់ច្រើននៅពេលទ្រាប់បាត ។
៤.ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៤៥ ថ្ងៃ គាត់ចាប់ផ្តើមដកប្រមូលផល ។ នៅលើផ្ទៃដី
៧ អារ គាត់ប្រមូលផលបាន ៥៦០ គីឡូក្រាម ។ ទូទាត់លើការចំណាយ គាត់ទទួលបានប្រាក់ចំណេញសុទ្ធ
៥៩២ ០០០ រៀល ។
សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:
·
រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា
និងហាលឲ្យស្ងួតល្អ
·
ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន
·
កប់មើមខ្ទឹមដាំក្នុងជំរៅរាក់
ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ
·
ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ
២ តឹក ដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់
·
ថែទាំស្រោចទឹក
ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment