ចំពោះបទពិសោធន៍នៃការដាំឪឡឹកយើងខ្ញុំបានចុះផ្សាយជាច្រើនមកហើយ
ប៉ុន្តែជាបទពិសោធន៍នៅតំបន់ទំនាប ។ នៅលេខនេះ
ខ្ញុំសូមបង្ហាញជូនបទពិសោធន៍នៃការដាំឪឡឹកនៅតំបន់ខ្ពង់រាបវិញម្តង បទពិសោធន៍នេះជារបស់លោកពូ
នាង បូរី រស់នៅក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគីរី ។
គាត់ដាំឪឡឹកបានទទួលផលយ៉ាងច្រើន
១. ការរៀបចំដី :
ដោយសារនៅតំបន់ដែលលោកពូរស់នៅ
ជាតំបន់ព្រៃភ្នំដូច្នេះមានការពិបាកក្នុងការភ្ជួររាស់មុនដាំ លោកពូបានកាប់ឆ្ការព្រៃ
ដុតកាកសំណល់រុក្ខជាតិ ។ បន្ទាប់មកកាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ ទើបយកជីទៅច្របល់ដាក់ក្នុងរណ្តៅដាំតែម្តង
។ ចំពោះជី គាត់លាយលាមកគោចំនួន ១ គីឡូកន្លះ ផេះកន្លះគីឡូ និងជីអ៊ុយរ៉េ និងលាយជីខ្មៅ(១៦-២០-០)ចំនួន៣ខាំដាក់ក្នុង
១ រណ្តៅ ។ តែជីទាំងអស់នេះលាយក្នុងពេលតែមួយ មុននឹងយកទៅដាក់ក្នុងរណ្តៅ ។
២. របៀបដាំ :
ក្នុងការដាំលោកពូបានកប់គ្រាប់ចំនួន ៦ គ្រាប់ ក្នុងមួយរណ្តៅលុះដល់ពេលគាត់ដកចេញទុកតែដើមណា
ដែលថ្លោសរឹងមាំល្អ ៣ ដើមក្នុង ១ រណ្តៅ ។ ចំពោះគំលាតគុម្ពពីរណ្តៅមួយទៅមួយ
៧ តឹក និងពីជួរមួយទៅមួយ ៧ តឹក ដែរ ។
៣. របៀបថែទាំ :
បន្ទាប់ពីដាំបានរយៈពេល ១៨ ថ្ងៃ
គាត់បានថែមជីកែងមួយរណ្តៅ ២ស្លាបព្រាបាយរោយជុំវិញរណ្តៅដោយឲ្យឃ្លាតពីគល់បន្តិច
។ រយៈពេល ១០ ថ្ងៃក្រោយពីដាក់ជី គាត់បានស្រោចជីទឹក ដែលបានផ្សំពីផេះ
និងជីកែង ដោយផ្សំជីកែងចំនួន ២.៥គីឡូក្រាម ផេះ ៤ គីឡូក្រាម និងទឹក ៣០ លីត្រ
។
ក្រោយពេលដាំបានរយៈពេល ៣៥ ថ្ងៃ
គាត់ចាប់ផ្តើមដើរកាត់ត្រួយចេញ (ត្រួយដើមមេក៏កាត់ចោលដែរ) ដោយក្នុង ១ ដើម ទុកតែ ២ ខ្នែងខាងដើម ។ ការកាត់ត្រួយនេះ
ដើម្បីកុំឲ្យដើមដងលូតលាស់ល្អពេក ឲ្យជីទៅចិញ្ចឹមដល់ផ្លែ ហើយខ្នែងបន្ទាប់ទៀត
។ ជាពិសេសទៅទៀត នៅពេលឪឡឹកចេញផ្លែ គាត់ទុកផ្លែតែមួយប៉ុណ្ណោះក្នុង ១ ដើម ទោះបីផ្លែទាំងនោះមានទំហំប៉ុនគ្នាក៏ដោយ
។ ចំពោះការបោចស្មៅ និងស្រោចទឹកគាត់បានធ្វើ និងស្រោចជារៀងរាល់ថ្ងៃ ព្រឹក-ល្ងាចចាប់តាំងពីពេលដាំរហូតដល់មុនបេះផ្លែ
៥ ថ្ងៃ ។
៤. ការប្រមូលផល :
ដំណាំឪឡឹកអាចប្រមូលផលក្រោយពីដាំបានរយៈពេល ៦០ ថ្ងៃ ។
ក្នុងការប្រមូលផល លោកពូទទួលបានជាមធ្យម ៣ ផ្លែធំៗ ក្នុងមួយរណ្តៅ
ព្រោះមួយរណ្តៅមាន ៣ ដើម ។ ការខូចខាតគឺមានខ្លះដោយសារឪឡឹកទទួលនូវជំងឺ តែទោះបីយ៉ាងណាក៏ដោយឪឡឹករបស់លោកពូបានទទួលផលល្អប្រសើរ
ហើយពុំសូវមានជំងឺ ឬការខូចខាតគួរឲ្យចាប់អារម្មណ៍ទេ ។
សរុបមក បច្ចេកទេសដាំឪឡឹករបស់លោកពូ មាន:
- កាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ
- ដាក់ជីទ្រាប់បាតលាមកគោ និងជីគីមីខ្លះមុនដាំ
- ពេលកូនឪឡឹកដុះត្រូវដករំលោះកូនចេញខ្លះ ទុកតែ ២ ទៅ ៣ ដើមក្នុងមួយរណ្តៅ
- ប្រើជីបំប៉ននៅពេលឪឡឹកអាយុបាន ១៨ ថ្ងៃ (ផេះ + ជីកែង)
- ឪឡឹកអាយុបាន ៣៥ ថ្ងៃ កាត់ត្រួយចេញ ទុកតែ ២ ខ្នែងខាងដើម
- ផ្លែក្នុងមួយដើមទុកតែមួយ ដោយជ្រើសរើសផ្លែណាដែលល្អ ធំជាងគេ
- ស្រោចទឹករៀងរាល់ថ្ងៃ ព្រឹកល្ងាច ចាប់ពីដាំរហូតដល់មុនបេះផ្លែ ៥ ថ្ងៃ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment