Wednesday, March 15, 2017

វិធីសាស្ត្រ​នៃ​ការយក​ទឹកដូង​ពី​ដើម​ដូង​


យើងខ្ញុំ​បាន​ចេញផ្សាយ​រួចមក​ហើយ​ស្តីពី​វិធី​ប្រើប្រាស់​ទឹកដូង​នៅក្នុង​អត្ថបទ​មួយ​ស្តីពី '​ទឹកដូង​'
នៅពេល​នេះ​យើងខ្ញុំ​សូម​ណែនាំ​ពី​វិធី​មួយចំនួន ដើម្បី​យក​ទឹកដម​របស់​ដូង មក​ប្រើ​ធ្វើ​ជា​ប្រយោជន៍ និង​ជា​ចំណូល​ក្នុង​គ្រួសារ ។​ ​
ជាទូទៅ​ដំណាំ​ដូង​ត្រូវការ​ពេល​ប្រហែល ៥​ឆ្នាំ ដើម្បី​បាន​ទទួល​ផ្លែ យើង​អាច​គេចចេញ​ពី​ការ​យក​ផ្លែ មក​យក​ជា​ទឹកដម​របស់​ដូង​វិញ បើសិន​យើង​មាន​បំណង​ធ្វើ​ដូច្នេះ ។​ ​
ការយក​ទឹកដម​របស់​ដូង​ជា​ជំនួស​ឲ្យ​ការយកផ្លែ គឺជា​មធ្យោបាយ​រកប្រាក់​មួយ​ថ្មី​ទៀត ដែល​កំពុង​ត្រូវបាន​គេ​អនុវត្ត​នៅក្នុង​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ប្រទេស​មួយចំនួន​ទៀត​នៅ​អាស៊ីយើង​នេះ ។​ ​​មូលហេតុ​ដែល​នាំឲ្យ​គេ​ប្តូរ​ពី​ការយកផ្លែ មក​យក​ជា​ទឹកដម​វិញ​នោះ គឺ​មកពី​តម្រូវការ​ក្នុង​ទីផ្សារ​ច្រើន ហើយបានទទួល​ចំណូល​ច្រើន​ជាង​ការ​ទុក​ឲ្យ​វា​ផ្លែ និង​ទទួលបាន​ចំណូល​រាល់ថ្ងៃ ។ ខុសគ្នា​ពី​ផ្លែ ដែល​យើង​ត្រូវ​រង់ចាំ​រហូត​ផ្លែ​នោះ​អាច​បេះ​លក់បាន នេះ​គឺជា​មូលហេតុ​មួយ​ចម្បង​គេ ។​​អ្វី​ដែល​ជា​ការពិបាក​បន្តិច​នោះគឺ យើង​ចាំបាច់​ត្រូវ​មាន​ដើម​ដូង ដែល​កំពុង​ពេញវ័យ​កំពុង​ផ្លែ និង​យ៉ាងហោចណាស់​ត្រូវ​មាន​ចំនួន​យ៉ាងតិច ១០​ដើម​ដែរ ។ ក្រៅពី​នេះ​យើង​ចាំបាច់​ត្រូវ​ឡើង​ដើម​ដូង​ទាំងនោះ ដើម្បី​ប្រមូល​យក​ទឹកដម​ដូង​នោះ​ជា​រៀងរាល់ថ្ងៃ (​ក្នុង ១​ថ្ងៃ ចំនួន ២​ដង​) គឺ​នៅ​ម៉ោង ៨​ព្រឹក សម្រាប់​យកមក​ធ្វើ​ជា​ស្រា ឬ​ទឹក​ខ្មេះ និង​ប្រមូល​យក​ម្តងទៀត​នៅ​ម៉ោង ៣​រសៀល សម្រាប់​ធ្វើ​ទឹកដូង​ដាក់​កំប៉ុង ស្ករ​ទឹកដូង សឺរ៉ូ​ទឹកដូង និង​សម្រាប់​ពិសារ​ភ្លាមៗជា​ភេសជ្ជៈ ។ នៅ​ពេល​រសៀល​ទឹកដម​របស់​ដូង​មាន​ជាតិ​ផ្អែម​ច្រើនជាង​នៅពេល​ណា​ទាំងអស់ ។​

សូមបញ្ជាក់​ថា ការយក​ទឹកដូង​នៅ​ពេល​ល្ងាច​មិន​ត្រូវ​ឲ្យ​ហួស​ម៉ោង ៣​រសៀល​ឡើយ ។​
គ្រឿង​សម្ភារៈ​ទាំងឡាយ​ដែល​ត្រូវការ​ចាំបាច់​សំរាប់​ប្រមូលយក​ទឹកដូង​ត្រូវ​លាង​សំអាត​ដោយ​ទឹ​កក្តៅ ដើម្បី​ការពារ​កុំឲ្យ​ឆ្លង​មេរោគ និង​ជា​ទម្លាប់​នៃ​ការ​មាន​អនាម័យ​ល្អ​ផង ។​
ដើម្បី​យក​ទឹកដម​ដូង ​(​ដូច​ទឹកត្នោត​ដែរ​) យើង​ត្រូវមាន​វិធីសាស្ត្រ​មួយចំនួន​នៃ​ការ​យក​វា គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការយក​ទឹកត្នោត​ដូច្នោះ​ដែរ តែ​ដោយហេតុថា ទឹកដម​ដូង​ងាយ​នឹង​ផ្អូម ឬ​ជូ​ក្នុង​រយៈពេល​មួ​យ​យ៉ាងខ្លី​ប៉ុណ្ណោះ ហេតុនេះ​ពេល​ប្រមូល​បាន​មក​ភ្លាម​គេ​ចាំបាច់​ត្រូវ​ដាំ​វា​លើ​ភ្លើង រយៈពេល​កន្លះ​ម៉ោង​សិន ដើមី្បការពារវាកុំ​ឲ្យ​ជូ​ផ្អូម ។​
ក្នុង​ករណី​ដែល​យើង​ចង់​ផឹក​ទឹកដូង​នោះ យើង​អាច​ផឹក​វា​បាន​ភ្លាមៗ ដោយ​គ្រាន់តែ​កំដៅ​វា​ក្នុង​ទឹក​ក្តៅ​ពុះ​ចំនួន ៥-១០ នាទី​សិន ដើម្បី​សម្លាប់​មេរោគ បន្ទាប់មក​យើង​អាច​ច្រក​វា​ដាក់​ដប​បិត​ឲ្យ​ជិត​បំផុត​រួច​ដាក់​វា​ក្នុង​ទូទឹកកក​ទុក​ពិសា​នៅពេល​ក្រោយ ។​

​​ដើមី្បយកទឹក​ដមដូង:
យើង​ត្រូវមាន​បំពង់​មួយ ខ្សែ ឬ​កៅស៊ូរឹត​កាំបិត​មុត​មួយ​ដូច​កាំបិតបន្ទោះ​ដែរ តែ​ធំ​ជាង ។​
សមឹ្លង​រកមើល​ខ្ពរ​ស្នែង​ដូង​ណាមួយ ដែល​មាន​លើ​ដើម ដែល​បាន​លូត​ចេញមក ហើយ​ចាប់ផ្តើម​ប៉ោង​ផ្នែក​កណ្តាល យក​កាំបិត​កាត់​ផ្នែក​ខាងចុង​ខ្ពរ​ដូង​ប្រវែង ១​ចំអាម​ចូលក្នុង​ត្រូវ​កាត់​មុខ​វាឲ្យ​ស្អាត យក​ខ្សែ ឬ​កៅស៊ូរឹត​កង​រុំ​ខ្ពរ​ដូង​នោះ​ចាប់​ពី​គល់​ខ្ពរ​រហូត​ដល់​ផ្នែកដែល​បាន​កាត់ ដើម្បី​ការពារ​កុំឲ្យ​វា​រីកលាត​ចេញ​ជា​ស្នែង​បែក​ក្រញាស់​នៅពេល​ក្រោយ ​យក​បំពង់​មក​ស៊ក​ត្រង់​ផ្នែក ដែល​បាន​នោះ​ចូល​ឲ្យ​ជ្រៅ​នៅក្នុង​បំពង់​គឺ​ប្រហែល 2/3 នៃ​បំពង់ ។ ប្រើ​ថង់ប្លាស្ទីក​មួយ​ធំ​វែងល្មម​អាច​ស៊ក​បំពង់​ទាំងមូល​នេះ​បាន រួច​ចង​មាត់​ថង់​ឲ្យ​ជាប់​ល្អ ។
យក​ខ្សែ​មក​ចង​ពាក់កណ្តាល​បំពង់​ទាញ​រឹត​វា​ចុះ​ក្រោម ដើមី្បឲ្យ​គូថ​បំពង់​ទាប​ជាង​មាត់​បំពង់​ឲ្យបាន ៣០​ដឺ​ក្រេ ឬ​ច្រើន​ជាង​នេះ តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​បាក់គល់​ខ្ព​ររបស់​វា ធ្វើ​ដូច្នេះ​ចំពោះ​ខ្ពរ​ផ្សេងៗ​ទៀត​ក្នុង​ដើម​តែ​មួយ បើ​មាន​ច្រើន​ត្រូវ​ធ្វើ​ទាំងអស់ ។ យើង​អាច​ទុក​ខ្ពរ​ណាមួយ​ឲ្យ​វា​ចេញ​ជា​ផ្លែ​ក៏​បាន​តាម​ត្រូវការ ។​
​យើង​ត្រូវ​ភ្លក្ស​គ្រប់​ដើម​ទាំង​អស់ និង​បាញ់ថ្នាំ​សំគាល់​តាម​ដើម​ដូង​មួយណា ដែល​មាន​រសជាតិ​ផ្អែម យើង​ទុក​ធ្វើស្ករ និង​សម្រាប់​ធ្វើ​ភេ​ស​ជ្ជះ ឯ​ដើ​មណា​ដែល​មាន​ទឹកសាប យើង​សម្រាប់​ធ្វើជា​ទឹក​ខ្មេះ ឬ​ទឹកដូង​ជូ (​ដូច​ទឹកត្នោត​ដែរ​) ឯ​វិធី​ធ្វើ​គឺ​ដូចគ្នា ។​
ស្ករដូង​មានតម្លៃ​ថ្លៃ​ជាង​ស្ករត្នោត និង​មាន​ទីផ្សារ​យ៉ាង​ធំ​នៅ​សហរដ្ឋអាមេរិក តែ​យើង​ត្រូវមាន​ចំនួន​យ៉ាងច្រើន​សម្រាប់​បំពេញ​តាម​ការបញ្ជា​ទិញ​របស់​គេ និង​ត្រូវមាន​ម៉ាក​យីហោ និង​វេច​ខ្ចប់​បាន​ត្រឹមត្រូវ​តាម​ការបញ្ជារ​ទិញ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment