អ្នកមីង សេង មួយហៀក រស់នៅភូមិព្រែកអុងប៉ាវ ឃុំទឹកវិល
ស្រុកស្អាង ខេត្តកណ្តាល ។ គាត់មានបទពិសោធន៍ដាំល្ហុងអស់រយៈពេល ១០ ឆ្នាំមក
ហើយនៅលើដី ១៣ អារ ។ បទពិសោធន៍នេះជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ។ ក្នុងមួយរដូវប្រមូលផលម្តងៗគាត់បេះបានផ្លែសរុបប្រមាណ
១០ តោន ហើយទទួលប្រាក់ចំណេញដុលប្រមាណ ២ លានរៀល ។
១. ការជ្រើសរើសពូជ និងការត្រៀមពូជដាំ
ល្ហុងដែលគាត់ដាំ ជាពូជដែលជ្រើសរើស និងរក្សាទុកដោយខ្លួនឯង ។ ចំពោះលក្ខណៈពូជដែលគាត់ជ្រើសរើសមានផ្លែធំវែង
ផ្លែច្រើមិនដាច់ដើមមានសុខភាពល្អ ។ នៅពេលដែលផ្លែទុំល្អ គាត់ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឲ្យជ្រះរំអិល
រួចយកទៅហាល ឬសំដិលរហូតស្ងួត (២-៣ ថ្ងៃ) ទើបយកទៅច្រកកែវទុក ។
២. ការបណ្តុះកូន
គាត់បានយកគ្រាប់ទៅបណ្តុះ មុននឹងយកទៅដាក់ដាំក្នុងចំការ ។ គាត់យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេច
បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល ២ ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ ថ្ងៃ
(ឲ្យដុះពន្លកសៗ) ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤ គ្រាប់
ក្នុង ១ ថង់ ។ ក្រោយពីដាក់គ្រាប់បណ្តុះហើយ
គាត់ស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ដើម្បីឲ្យកូនល្ហុងលូតលាស់ល្អ ។
ចំពោះថ្នាលបណ្តុះកូន គាត់បានប្រក់រោងសំណាញ់ដើម្បីកុំឲ្យកូនល្ហុងត្រូវពន្លឺខ្លាំងពេក
។
៣.ការរៀបចំដីដាំ
ក្នុងការរៀបចំដីដាំ គាត់ភ្ជួរហាលដី ៤-៥លើក ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល
១០ ថ្ងៃ ។ នៅពេលភ្ជួរលើកទី ១ គាត់បានដាក់ជីលាមកសត្វពុកផុយ ១,៥ ទៅ ២ តោន ភ្ជួរលុបលើផ្ទៃដី ១៣ អារ ។ ក្រោយពីភ្ជួររាស់ហាលដី
រួចគាត់លើកជារងដែលមានទទឹង ១,៥ ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី
។ នៅលើរង គាត់ជីករណ្តៅជាជួររណ្តៅ និមួយៗទំហំ ៣ តឹកបួនជ្រុង និងជំរៅ ៣
តឹក ដោយទុកចន្លោះពីររណ្តៅមួយទៅមួយ ២,៥ ម៉ែត្រ ។ នៅក្នុងរណ្តៅនិមួយៗ
គាត់ដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឲ្យសព្វ ។
៤.ការដាំ
គាត់ចាប់ផ្តើមយកកូនល្ហុងទៅដាំនៅចុងខែមេសា ឬដើមខែឧសភា
ដែលជាដើមរដូវ ដើម្បីកាត់បន្ថយការស្រោចទឹក ។
កូនល្ហុងដែលគាត់យកមកដាំមានអាយុ ៤៥ ថ្ងៃ គាត់បានហែកថង់ចេញ
រួចដាក់ក្នុងរណ្តៅ បន្ទាប់មកយកដីនៅមាត់រណ្តៅលុបសង្កត់ឲ្យណែន រួចយកកំទេចចំបើងគ្របជុំវិញគល់
និងស្រោចទឹកឲ្យជោគ ។ ក្នុងមួយរណ្តៅដាំមួយដើម
ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ ។
៥.ការថែទាំ
នៅពេលល្ហុងនៅតូច គាត់ស្រោចទឹក ១ ថ្ងៃម្តង ដោយប្រើទុយយោបាញ់នៅលើស្លឹករហូតដល់ល្ហុងធំចេញផ្កាគាត់បញ្ចូលទឹកនៅតាមចន្លោះរង
៣ ថ្ងៃម្តង លៃយ៉ាងណាកុំឲ្យដីស្ងួតពេក ឬសើមពេក ។ ក្រៅពីការស្រោចទឹក គាត់ឧស្សាហ៍ពូនគល់
គឺនៅពេលដែលសង្កេតឃើញឫសល្ហុងមួយចំនួនដុះលើផ្ទៃដី និងក្រោយការប្រមូលផលលើកទី
២ ។ ល្ហុងជាដំណាំដែលត្រូវការពន្លឺថ្ងៃដូច្នេះគាត់បានកាច់មែកងាប់ៗនៅក្បែរគល់ប្រមូលចោល
និងធ្វើស្មៅក្បែរគល់ ដើម្បីកុំឲ្យមានភាពស៊ុបទ្រុបឲ្យពន្លឺចាំងចូលគ្រប់គ្រាន់
។ អ្នកមីងបានប្រើជីកែង ចំនួន ៥ គីឡូក្រាម សម្រាប់បំប៉នដោយដាក់នៅក្បែរគល់មួយរណ្តៅបន្តិចៗ
។
ក្នុងការដាំល្ហុងនេះ គាត់តែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា
ជំងឺរលួយគល់ ធ្វើឲ្យស្លឹកស្រពោន រលួយឫស និងគល់ត្រឹមស្មើដីតែម្តង
ជំងឺពុកឫសកែវធ្វើឲ្យស្លឹកឡើងលឿង និងបញ្ឈប់ការចេញផ្លែ ជំងឺឆ្កួតត្រួយ
ធ្វើឲ្យត្រួយរួញ ហើយផ្អាកការចេញផ្លែ ។
ចំពោះវិធានការណ៍កំចាត់ បើល្ហុងនៅតូចគាត់ ដកដើមចោល ឬ កាត់ស្លឹក ឬ
ត្រួយដែលកើតជំងឺចោល ។ ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឲ្យផ្លែមិនសូវលូតលាស់
ហើយគ្មានរសជាតិ ។ ករណីសត្វក្រារោមផ្លែគាត់មិនទាន់ មានវិធានការណ៍កំចាត់ទេ
ប៉ុន្តែវាកើតមានតិចតួច ប៉ុណ្ណោះក្នុងចំការរបស់គាត់ ។
៦.ការប្រមូលផល
ក្រោយពេលដាំបានរយៈពេល ៥ខែ គាត់ប្រមូលផលផ្លែល្ហុងចាស់លក់ ។
ការបេះ ធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី
១ រហូតដល់ខ្សោយ ទើបគាត់កាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ ។ តាមការប៉ាន់ស្មានរបស់គាត់
ជាសរុបគាត់បេះលក់បានប្រមាណ ១២ តោន (ល្ហុងខ្ចី) ។
ហើយបើទូទាត់លើការចំណាយ គាត់ទទួលបានចំណូលសុទ្ធ ២-៣ លានរៀល ។
៧.ចំណាប់អារម្មណ៍របស់កសិករ
អ្នកមីងមានចំណាប់អារម្មណ៍ថា
គាត់ពេញចិត្តនឹងទិន្នផលដែលគាត់ទទួលបាន ។ ការដាំល្ហុងចំណាយពេលថែទាំតិចជាងការដាំបន្លែ
រីឯផលដែលបានមកងាយស្រួលលក់ ហើយគាត់សង្ឃឹមថា ទៅថ្ងៃមុខ គាត់នឹងអាចទទួលបាននូវបច្ចេកទេសថ្មីល្អៗ
មកអនុវត្តន៍លើចំការរបស់គាត់ ដើម្បីឲ្យទទួលផលកាន់តែខ្ពស់ ។
សរុបមក បច្ចេកទេសសំខាន់ៗ ក្នុងការដាំល្ហុងមាន:
- ជ្រើសរើសពូជដែលមានផ្លែធំវែង និងទុំល្អទុកធ្វើពូជ
- បណ្តុះគ្រាប់ និងថែទាំឲ្យកូនល្ហុងមានសុខភាពល្អ មុនយកទៅដាំក្នុងចំការ
- ភ្ជួរដីហាលច្រើនសារឲ្យដីធូរ និងស្ងួតទឹក
- រៀបចំរណ្តៅជាជួរដាំនៅពេលមានអាយុ ៤៥ ថ្ងៃ ដោយជ្រើសរើសតែកូនមានសុខភាពល្អ
- ថែទាំគ្រប់គល់ ពូនគល់ បោចស្មៅ និងកាច់ស្លឹកងាប់ៗនៅខាងក្រោមចោលស្រោចទឹកពេលល្ហុងនៅតូច និង ៣ ថ្ងៃម្តង ពេលផ្កា ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment