បងប្រុស
ទួន ចាន់ ជាកសិកររស់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
គាត់មានបទពិសោធន៍ក្នុងការដាំដំណាំខ្ទឹមខ្យល់បានល្អដោយលើផ្ទៃដី ១០អារ គាត់អាចរកប្រាក់
ចំណូលបានពី ៤ ទៅ ៥លានរៀន ក្នុងមួយឆ្នាំ។ បទពិសោធន៍របស់គាត់ មានបង្ហាញជូនដូច ខាងក្រោម:
១. ការរៀបចំដី
ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង
និងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក
ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក ។ ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង
យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។
បន្ទាប់មកយកខ្ទឹមស្លឹកទៅដាក់ដាំ ។
២. ការរើពូជ
ខ្ទឹមដែលដាំនេះ
គឺគាត់បានទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ ។ ពូជដដែលគាត់ដាំ
គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ
និងមានទីផ្សារច្រើន ។ គាត់រើយកតែដើមធំ និងថ្លោសល្អ ដើមីឆាប់បែកកូនច្រើន
រើយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
៣. ការដាំ
ក្នុងការដាំគាត់បានដកភ្លាមដាំភ្លាម
ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម
ជួយឲ្យវាលូតលាស់បានល្អ ។ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន គាត់ដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង
១-១,២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់
និងដាំរាក់ៗ ។
៤. ការថែទាំ
ក្រោយពីដាំរួចគាត់ធ្វើការស្រោចទឹកក្នុងមួយថ្ងៃ
២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ
គាត់ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
៥. កាប្រមូលផល
ជាទូទៅក្រោយពីដាំបានរយៈពេល
១ខែ គាត់អាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។ ក្នុង ១ឆ្នាំ គាត់អាចប្រមូលផលបាន ៦ ទៅ ៨ដង
សរយប ២១០០គីឡូក្រាម ក្នុង ១គឺឡូក្រាម គាត់លក់បានតំលៃ ២០០០-៣០០០រៀល ។ ជាមធ្យមក្នុង
១ឆ្នាំ គាត់លក់បានសរុបជាទឹកប្រាក់ ៤.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល
បន្ទាប់ពីផ្គត់ផ្គង់នៅក្នុងគ្រួសារ និងចែកញាតិជិតខាង
។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ
គាត់តែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជឡើយ ។
៦. ចំណាប់អារម្មណ៍
បងប្រុសមានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់
ព្រោះការងារនេះជាអាជីពរបស់គាត់ប្រចាំថ្ងៃ ។ ម៉្យាងទៀតការដាំដំណាំខ្ទឹមនេះអាចរកចំណូលបានច្រើន
និងធ្វើឲ្យជីវភាពគ្រួសាររបស់គាត់ធូរធារជាងមុន ។ មិនត្រឹមតែដំណាំខ្ទឹមប៉ុណ្ណោះទេ ក្រៅពីនេះគាត់បានដាំដំណាំផ្សេងទៀត
ដូចជា ស្ពៃ ឆៃថាវ ត្រសក់ ឪឡឹក ៘
កំណត់សម្គាល់បន្ថែមពីអ្នកនិពន្ធ :
- គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក
- យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង ។
តូ សូរិយា
(ដកស្រង់ចេញពីទស្សនាវដ្តីកសិករ របស់អង្គការសេដាក)
No comments:
Post a Comment