អ្នកដាំបន្លែមួយរូបនៅលើទីវាលខ្សោះជីជាតិអាចដាំប៉េងប៉ោះបានផលរហូត
៣០០តោនលើផ្ទៃដីទំហំមួយហិកតាក្នុងមួយឆ្នាំ។ ដីដែលគាត់ដាំគឺជាដីខ្សោះគ្មានជីជាតិ
មានទឹកមិនគ្រប់គ្រាន់ហើយជាប្រភេទដីខ្សាច់ទៅទៀត នេះគឺជារឿងមួយដែលមិនគួរឲ្យជឿបានសម្រាប់កសិករម្នាក់ជាជនជាតិអ៊ីស្រាអែលរស់នៅឯតំបន់មួយឈ្មោះថា Arava ស្ថិតនៅភាគខាងត្បូងបំផុតនៃទីវាល
Negev នៃប្រទេសអ៊ីស្រាអែល។
អ្វីដែលកសិកររូបនេះអាចធ្វើបានវាមិនមែនជារឿងមួយចៃដន្យនោះឡើយ
ហើយក៏មិនមែនកើតឡើងដោយការបួងសួងសុំទៅមេឃឲ្យជួយនោះក៏គ្មានដែរ តែវាកើតឡើងដោយការពឹងទៅលើបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងសម្រាប់
ជួយដល់កសិករណាដែលមានបំណងបង្កបង្កើនផលធ្វើជាមុខរបរសម្រាប់ ចិញ្ចឹមជីវិត។
Arava គឺជាតំបន់មួយដែលមិនសូវមានមនុស្សរស់នៅច្រើនទេក្នុងតំបន់នេះ
ទាំងមូលមានមនុស្សរស់នៅចំនួនប្រហែលត្រឹមតែ ៦០០គ្រួសារតែប៉ុណ្ណោះនិងចែកចេញជាប្រាំបីទីតាំង
មានមនុស្សសរុបទាំងអស់ប្រហែលជា ៣០០០នាក់ តែពួកគេអាចផលិតបានបន្លែចំនួនប្រមាណជាមួយសែនប្រាំម៉ឺនតោនក្នុង
មួយឆ្នាំដោយដាំក្នុងរោងប្រក់បំពក់ប្លាស្ទីកដើម្បីគ្រប់គ្រងកម្តៅ ។ ភាគច្រើននៃដំណាំបន្លែដែលពួកអ្នកស្រុកទីនោះផលិតបានត្រូវបានគេនាំ
ចេញទៅលក់នៅអឺរ៉ុបនិងទីកន្លែងដទៃទៀត, ហើយទីនេះដែរគឺជាកន្លែងនាំចេញបន្លែ
និងដំណាំផ្សេងៗប្រមាណជា ៦០ភាគរយនៃផលិតផលកសិកម្មរបស់ប្រទេសអ៊ីស្រាអែលសរុប។
គ្រួសារនីមួយៗដាំដំណាំប្រហែលជា៥ហិកតាក្នុងមួយគ្រួសារ
អ្វីដែលពួកគេដាំមានបន្លែ មីឡុង ផ្កានិងដំណាំសំរាប់ដាំលំអតាមផ្ទះ។ មនុស្សដំបូងគេដែលបានមកតាំងទីលំនៅត្រង់ទីនោះគឺជាបុរសមួយរូប
(អាយុ៧៥ឆ្នាំហើយពេលនេះ)
គាត់បានមកកាន់ទីនោះកាលពីឆ្នាំ១៩៥៩ និងមានឈ្មោះថា Amnon Navon។ កាលពីពេលទើបមកតាំងទីលំនៅដំបូងគាត់មិនទាន់មានអាយុ ១៨ឆ្នាំស្រួលបួលនៅឡើយទេ
ថែមទាំងគ្មានចំណេះដឹងខាងដាំដុះនៅលើដីវាល ខ្សោះគ្មានជីជាតិនោះទៅទៀត តែគាត់និងអ្នកមកតាំងទីលំនៅផ្សេងទៀតបានព្យាយាមជម្នះតស៊ូ
គ្រប់បែបយ៉ាងដោយមានការជ្រោមជ្រែងពីរដ្ឋាភិបាលយ៉ាងដិតដល់ដែលកាលនោះ លោក
Ben Gurion គឺជានាយករដ្ឋមន្ត្រីបានលូកដៃជួយយ៉ាងអស់ពីសមត្ថភាព។
លោក Amnon ជាមនុស្សស្រឡាញ់ការដាំដុះលើដីវាល
គាត់បានកសាង Green house នៅលើផ្ទៃដីចំនួនប្រាំហិកតា
ដោយដាំភាគច្រើនតែម្ទេសប្លោកធំៗ និងប៉េងប៉ោះ។ គ្រប់ការដាំដុះរបស់គាត់ត្រូវពឹងលើត្រាក់ទ័រចំនួន
បីគ្រឿងសម្រាប់ការភ្ជួររាស់ សម្រាប់ការដាំនិងប្រមូលផលវិញគឺពឹងផ្អែកទាំងស្រុងទៅលើកម្លាំង
ពលកម្មរបស់មនុស្សនិងគ្រឿងយន្ត។ គាត់មានមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះដែលមើលគ្រប់គ្រងរាល់កិច្ចការ
ក្នុង Green house លើដីប្រាំហិកតានោះគឺរូបគាត់ផ្ទាល់
ប្រពន្ធគាត់ ORA និងកូនស្រីគាត់រួមជាមួយកម្មករថៃចំនួនប្រាំនាក់
គាត់បានប្រាប់ថាកម្មករថៃទាំងប្រាំនាក់នោះជាមនុស្សឧស្សាហ៍ ព្យាយាមជាមួយកិច្ចការណាស់មិនដែលចេះរករឿងបង្កជាបញ្ហាលំបាកដល់គាត់
ឡើយ តែពួកគេបានទទួលប្រាក់ខែចំនួនប្រហែលម្ភៃពីរ Shekel (លុយអ៊ីស្រាអែល) ក្នុង១ម៉ោងស្មើនិង ៥០ ដុល្លារក្នុងមួយថ្ងៃ ដូច្នេះក្នុងមួយខែពួកគេម្នាក់ទទួលបានប្រាក់ខែប្រហែលជាមួយពាន់
ប្រាំរយដុល្លារ វាគឺជាប្រាក់ខែដែលពួកគេមិនអាចស្រម៉ៃថាអាចរកបាននៅក្នុងប្រទេសថៃ
ឡើយ។
លោក Amnon ផ្តោតការយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើការដាំដុះរបស់គាត់ អ្វីដែលគាត់ផលិតបានគាត់បានលក់ឲ្យទៅក្រុមឈ្មួញដែលជាអ្នកទិញពីគាត់យកទៅលក់បន្តក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។
នៅក្នុងកន្លែងដែលផលិតដំណាំបន្លែ
ក្រុមឈ្មួញដែលជាអ្នកទទួលទិញកសិផលគេបានសង់ជារោងមួយធំសម្រាប់រៀបចំវេចខ្ចប់កសិផលទាំងអស់នៅទីនោះ
កាត់បន្ថយបាននូវការដឹកជញ្ជូនច្រើនដំណាក់កាល មុនពេលចេញទៅដល់ទីផ្សារ។
នៅក្នុងកន្លែងរោងសម្រាប់វេចខ្ចប់នោះទៀតសោតមានកម្មករថៃចំនួន
២៥នាក់កំពុងធ្វើការនៅទីនោះ ពួកគេបានទទួលថ្ងៃឈប់សម្រាកតាមប្រតិទិនរបស់ប្រទេសអ៊ីស្រាអែលរួមទាំងបុណ្យជាប្រពៃណីរបស់ថៃផងដែរ
នេះបានន័យថាប្រទេសអ៊ីស្រាអែលបានគោរពចំពោះសិទ្ធិរបស់កម្មករថៃទាំងនោះ ដោយគ្មានការរំលោភបំពានឡើយ។
វិធីសាស្ត្រដែលប្រទេសអ៊ីស្រាអែលយកមកប្រើត្រូវបានគេទទួលស្គាល់ទូទាំង
ពិភពលោកថាជាបិតាផ្នែកកសិកម្ម និងជាអ្នកដែលបានប្រើប្រាស់បច្ចេកទេសស្រោចស្រពដំណាំដោយការបន្តក់
ទឹកជាជាងការស្រោចដោយប្រើទឹកចាក់ឬបាចដាក់ដែលនាំឲ្យខាតទឹក។
សព្វថ្ងៃនេះមានក្រុមហ៊ុនដ៏ធំមួយក្នុងពិភពលោកឈ្មោះថា
Netafim គឺជាក្រុមហ៊ុនតែមួយគត់ក្នុងពិភពលោកដែលបានផ្តល់គ្រឿងសម្ភារៈនិងឧបករណ៍គ្រប់បែបយ៉ាងសម្រាប់ការដាំដំណាំដោយបន្តក់ទឹក,
ក្រុមហ៊ុន Netafim នេះគឺជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីស្រាអែលនេះតែម្តង
ក្រៅពីក្រុមហ៊ុននេះ នៅមានក្រុមហ៊ុនមួយទៀតរបស់ឥណ្ឌាក៏ជាអ្នកលក់គ្រឿងសម្ភារៈនិងឧបករណ៍បន្តក់ទឹកនិង
Green house ដូចក្រុមហ៊ុន Netafim ដែរ។
របៀបដែលប្រទេសធ្វើកសិកម្មគឺមានភាពសាមញ្ញបំផុតក៏ងាយស្រួលបំផុតផងដែរ
សឹងគ្រប់បន្លែទាំងអស់ទាំងបន្លែយកស្លឹក ផ្លែ និង មើមត្រូវបានដាំក្នុង
Green house ការធ្វើបែបនេះអាចចៀសវាងបាននូវបញ្ហាច្រើនយ៉ាង:
- គ្មានសត្វល្អិតបំផ្លាញមិនចាំបាច់ប្រើថ្នាំកំចាត់សត្វល្អិត
- កម្តៅអាចគ្រប់គ្រងបាន ដោយរក្សាបាននូវបរិយាកាសមួយសុក្រិតសម្រាប់ប្រភេទដំណាំ
- ការដុះលូតលាស់របស់ដំណាំគឺមានភាពដូចគ្នាស្មើគ្នា គ្មានល្អគ្មានអាក្រក់ ការដុះលូតលាស់គឺព្រមៗគ្នាទាំងអស់។
- ទឹកនិងជីត្រូវបានផ្សាំបញ្ចូលគ្នាទៅតាមប្រភេទដំណាំ ដូច្នេះដំណាំមួយដើមៗបានទទួលទឹកនិងដីទៅតាមសេចក្តីត្រូវការរបស់វាយ៉ាងទៀងទាត់បំផុត ព្រោះចំនួនជីទឹកត្រូវបានលាយផ្សំបញ្ចូលគ្នា និងឲ្យស្រក់តាមដើមទៅតាមការបញ្ជារបស់កុំព្យូទ័រ ដែលជាអ្នកគ្រប់គ្រងបញ្ហានេះ។
ដំណាំដាំតាមរបៀបនេះមានរសជាតិប្រសើរជាង
ផ្អែមជាងឆាប់ទទួលបានផល ចំនួនផលទទួលបានក៏ច្រើនជាង
គុណភាពរបស់បន្លែក៏ល្អជាង និងអាចស្មានបានយ៉ាងត្រឹមត្រូវ
ព្រោះទំហំរបស់វាគឺស្រដៀងគ្នាទាំងអស់។
ប្រទេសអ៊ីស្រាអែលមិនដែលឈប់ឈរម្តងណាទេ
ចំពោះការបង្កាត់ពូជដំណាំឲ្យទទួលបានផលប្រសើរជាងជម្នះបាននូវជំងឺ និងសត្វល្អិតបង្កើនបរិមាណផលដែលទទួលបានព្រមទាំងបានបង្កាត់ដំណាំ
ឲ្យប្រើប្រាស់ទឹកតិចតែអាចដុះលូតលាស់បានជាធម្មតា។
មិនមែនមានត្រឹមតែបន្លែប៉ុណ្ណោះទេសម្រាប់ទីនោះត្រីក៏ត្រូវបានគេ
ចិញ្ចឹមនៅទីនោះដែរ តួយ៉ាងដូចជាក្រុមហ៊ុនមួយឈ្មោះថា Ginat fish
Company ក្រុមហ៊ុននេះផលិតត្រីចិញ្ចឹមសម្រាប់នាំចេញទៅអឺរ៉ុបក្នុងមួយឆ្នាំ
អាចលក់កូនត្រីចេញបានរហូតដល់់ទៅចំនួនពីរលានក្បាលឯណោះ។
ត្រីដែលគេផលិតសម្រាប់នាំចេញនោះគឺជាត្រីក្រឹមទន្សាយមានច្រើន
ពណ៌ គេអាចលក់វាបានក្នុងតម្លៃមួយអ៊ឺរ៉ូក្នុងមួយក្បាលល្មមអាចឲ្យគេ ទិញយកទៅចិញ្ចឹមបាន។
មូលហេតុដែល Ginat ជ្រើសរើសយកត្រីប្រភេទនេះមកបង្ហាត់លក់
គឺមានហេតុផលមួយនៅត្រង់ថាវាមានតម្លៃថោកងាយស្រួលបង្កាត់និងភ្ញាស់។ ពលរដ្ឋនៅអឺរ៉ុបចូលចិត្តទិញត្រីនេះឲ្យកូនចិញ្ចឹមដើម្បីឲ្យពួកគេ
មានអ្វីសម្រាប់ធ្វើកុំឲ្យទំនេរឬចំណាយពេលទៅលើអ្វីផ្សេងនាំឲ្យ មានបញ្ហា។
ការភ្ញាស់ត្រីក្រឹមទន្សាយលក់មិនត្រូវការទឹកច្រើនដូចការដាំបន្លែឡើយ
ប៉ុន្តែគេអាចរកប្រាក់បានរហូតជាងពីរលានដុល្លារក្នុងមួយឆ្នាំដោយគ្រាន់តែមានអាងបួនប្រាំសម្រាប់ភ្ញាស់ប៉ុណ្ណោះ
ព្រមទាំងមិនត្រូវការទីកន្លែងធំផង។
អ្វីដែលជាការគួរឲ្យកត់សម្គាល់ចំពោះជោគជ័យរបស់ប្រទេស
អ៊ីស្រាអែលទៅលើវិស័យកសិកម្មនោះគឺការពាក់ព័ន្ធដោយផ្ទាល់របស់ រដ្ឋាភិបាលរបស់ប្រទេសនេះ
ជាពិសេសគឺការនាំយកអ្វីដែលក្រសួងកសិកម្មរកឃើញស្រាវជ្រាវឃើញយកមក ពន្យល់បង្ហាញឲ្យដល់មូលដ្ឋានដែលជាកន្លែងដាំដុះដោយផ្ទាល់
ទាំងការផ្តល់ ការបង្ហាត់បង្រៀនឲ្យដល់កសិករទាំងឡាយដែលគ្មានចំណេះដឹងខាងផ្នែក
កសិកម្មឲ្យអាចចាប់បាននូវបច្ចេកទេសនិងបទពិសោធន៍នានារបស់អ្នកមុនៗ ជាពិសេសចំពោះអ្នកដែលមកតាំងទីលំនៅថ្មីៗទើបមកដល់។
នៅគ្រប់ទីកន្លែងនៃប្រទេសអ៊ីស្រាអែលកសិករត្រូវបានចងក្រងជាក្រុមសម្រាប់ជួយ
និងចែករំលែកចំណេះឲ្យគ្នាទៅវិញទៅមកដោយគ្មានការលាក់លៀមនិងមិនគិតពីការកេងយកចំណេញពីគ្នាឡើយ។
នៅក្នុងប្រទេសអ៊ីស្រាអែលទាំងមូលមាននាយកដ្ឋានចំនួន
១៤ មានអ្នកជំនាញការខុសៗគ្នា ដែលអាចឆ្លើយតបចំពោះបញ្ហាគ្រប់បែបយ៉ាងរបស់កសិករនិងចុះដល់មូលដ្ឋាន
ដើម្បីជួយរហូតបញ្ហាត្រូវបានដោះស្រាយនិងផលត្រូវបានទទួល។
គ្មានបញ្ហាកសិកម្មណាមួយដែលនាយកដ្ឋានទាំង
១៤នេះមិនអាចដោះស្រាយបានឡើយ គឺពួកគេទាំង ១៤
នាយកដ្ឋានចេញដើរពិនិត្យគ្រប់កន្លែង កែតម្រូវនិងជួយផ្តល់ជាសេវាគ្រប់បែបយ៉ាងដល់អ្នកដែលត្រូវការទាំងក្រុមចល័ត
និងក្រុមដែលប្រចាំការ រកគ្រប់មធ្យោបាយដើម្បីជួយដល់កសិករដែលត្រូវការពួកគេដោយគ្មានគិតកម្រៃសូម្បីមួយសេនពីកសិករនេះ
មិនទាន់គិតដល់អង្គការក្រៅរដ្ឋាភិបាលដែលមានផ្តល់សេវាផ្នែកកសិកម្ម ដូចជាការផ្តល់ពូជជី
បច្ចេកទេសនិងការប្រឹក្សាយោបល់នានាជាច្រើនទៀតដែលរង់ចាំជួយដោយមិនខ្លាចនឿយហត់។
ក្រៅពីនេះមានវិទ្យាស្ថានមួយបង្កើតដោយរដ្ឋាភិបាលជាអ្នកស្វែងរកមធ្យោបាយសម្រាប់នាំកសិផលចេញមិនឲ្យកកស្ទះឡើយ
ទាំងការរកទីផ្សារ ការផ្តល់តម្លៃឲ្យដល់កសិផល និងប្រាប់ឲ្យកសិករបានដឹងពីតម្រូវការរបស់កសិផលសម្រាប់ឆ្នាំខាងមុខៗ
ក្រុមមនុស្សនៅក្នុងវិទ្យាស្ថាននេះ ធ្វើកិច្ចការគ្រប់សព្វបែបយ៉ាងទាំងអស់សម្រាប់ជួយឲ្យកសិករគ្រប់រូបបង្កបង្កើនផលបានដោយបំណងរបស់គាត់។
សម្រាប់អ្នកដែលចង់ដឹងពីអ្វីដែលជាការលូតលាស់ក្នុងវិស័យកសិកម្ម
របស់អ៊ីស្រាអែលអាចទៅចូលរួមការតាំងពិព័រណ៍កសិកម្មដែលហៅថា Agritech
នៅទីក្រុងកែលអាវីវ(អ៊ីស្រាអែល) ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឧសភា
ឆ្នាំ ២០១២នេះនឹងបានដឹងនិងរៀនយកចំណេះខាងកសិកម្មនេះបានច្រើនមិនខាន៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment